បលាសជាតកទី ១០
( ព្រះសម្មាសម្ពុទ្ធសម្តែងថា ) ស្តេចហង្ស បាននិយាយនឹង បលាសទេវតា ( ថា ) ម្នាលសម្លាញ់ ដើមជ្រៃដុះ ដើមជ្រៃនោះដូចសត្រូវ អង្គុយលើភ្លៅរបស់អ្នក នឹងកាត់បង់នូវជីវិតសង្ខាររបស់អ្នក ។ ( បលាសទេវតានិយាយថា ) ខ្ញុំជាទីពឹងរបស់ដើមជ្រៃនុ៎ះ ដូចជាមាតាបិតា ដើមជ្រៃនុ៎ះនឹងជាទីពឹង ( របស់ខ្ញុំ ) ក្នុងកាលដែលវាចម្រើន ឡើង យ៉ាងនោះដែរ ។ ( ស្តេចហង្សនិយាយថា ) អ្នកបណ្តុះនូវឈើមានជ័រដូច ទឹកដោះ ជ្រៃដែលគួរខ្លាចដូចសត្រូវនៅលើភ្លៅដោយ ហេតុណា ហេតុនោះ ទើបយើងប្រាប់អ្នកហើយនឹងទៅ ការចម្រើនឡើងនៃដើមជ្រៃនោះ មិនពេញចិត្ត ( ខ្ញុំ ) ទេ ។ ( បលាសទេវតានិយាយថា ) ឥឡូវនេះដើមជ្រៃញ៉ាំង អញឲ្យភ័យ ភ័យដ៏ធំមកដល់អញ ព្រោះមិនយល់ពាក្យនៃស្តេចហង្ស ជា ពាក្យដូចជាភ្នំសិនេរុដ៏ធំ ។ ( ព្រះសម្មាសម្ពុទ្ធសម្តែងថា ) អន្តរាយណាកាលចម្រើន ឡើងរមែងបំផ្លាញនូវទីពឹង សេចក្តីចម្រើននៃអន្តរាយនោះ ជនអ្នកឈ្លាសវៃ មិនសរសើរឡើយ អ្នកប្រាជកាលរង្កៀសនឹងសេចក្តីវិនាស រមែងព្យាយាម ដើម្បីសម្លាប់នូវមូលហេតុនៃសេចក្តីអន្តរាយនោះ ។