អដ្ឋកថា បលាសជាតកទី ១០

ក្បាលទី 47 · ទំព័រ 458

[ ៩៧-១០១ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ការសង្កត់កិលេស ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ហំសោ បលាសមវច ដូច្នេះជាដើម ។ រឿងបច្ចុប្បន្នមានជាក់ច្បាស់ក្នុងបញ្ញាសជាតក ។ ក្នុងជាតកនេះ ព្រះសាស្តា ហៅភិក្ខុទាំងឡាយមកហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឈ្មោះថា កិលេសគួររង្កៀសពិត កិលេសទោះមានប្រមាណតិច ក៏ធ្វើឲ្យដល់នូវការវិនាស បាន ដូចដើមជ្រៃដូច្នោះ ។ បោរាណកបណ្ឌិតទាំងឡាយ ក៏រង្កៀសវត្ថុ ដែលគួររង្កៀសមកហើយដូចគ្នា កាលត្រាស់ហើយ ទើបទ្រង់នាំយកអតីត និទានមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតសុវណ្ណហង្ស ចម្រើនវ័យហើយ នៅក្នុងគុហា មាសនាភ្នំចិត្តកូដ ស៊ីស្រូវសាលីដែលកើតឯងក្នុងជាតស្រះនាហិមវន្តប្បទេស ហើយត្រឡប់មក ។ ក្នុងផ្លូវដែលព្រះពោធិសត្វនោះទៅនិងមក មានដើម រលួសផ្អុងធំមួយដើម ។ ព្រះពោធិសត្វកាលទៅ ក៏សម្រាកត្រង់ដើមរលួស ផ្អុងនោះ ហើយក៏ទៅ កាលត្រឡប់មក ក៏សម្រាកត្រង់ដើមរលួសផ្អុងនោះ ទើបមក ។ កាលណោះ ព្រះពោធិសត្វមានសេចក្តីស្និទ្ធស្នាលនឹងទេវតាដែល កើតត្រង់ដើមរលួសផ្អុងនោះ ។ ក្នុងកាលតមក ចាបញីមួយស៊ីផ្លែជ្រៃទុំត្រង់ ដើមជ្រៃមួយដើម ហើយហើរទៅទំត្រង់ដើមរលួសផ្អុងនោះ បន្ទោបង់ឧច្ចារៈ ក្នុងរវាងប្រគាប ។ បន្ទាប់អំពីនោះ ពន្លកជ្រៃក៏ដុះឡើង ។ ក្នុងពេលដែល មានទំហំ ៤ ធ្នាប់ ដើមរលួសផ្អុងស្អាត ព្រោះជាដើមរលួសផ្អុងដែលមាន ត្រួយក្រហម និងស្លឹកខៀវ ស្តេចហង្សឃើញដូច្នោះហើយ ទើបហៅរុក្ខទេវតា មកពោលថា នែបលាសទេវតាសម្លាញ់ ធម្មតាដើមជ្រៃកើតឡើងត្រង់ដើមឈើ ណា កាលធំឡើង រមែងធ្វើដើមឈើនោះឲ្យវិនាស