ទីឃីតិកោសលជាតកទី ១
( ទីឃាវុកុមារពោលថា ) បពិត្រព្រះរាជា ព្រះអង្គធ្លាក់ មកក្នុងអំណាចរបស់ខ្ញុំយ៉ាងនេះ បរិយាយណា ញ៉ាំងព្រះអង្គឲ្យរួចចាកទុក្ខ បរិយាយណាមួយនោះ មានដែរឬ ។ ( ព្រះរាជាពោលថា ) ម្នាលអ្នក ខ្ញុំធ្លាក់មកក្នុងអំណាចរបស់ អ្នកប្រាកដយ៉ាងនេះ បរិយាយណាញ៉ាំងខ្ញុំឲ្យរួចចាកទុក្ខ បរិយាយណាមួយ នោះ របស់យើងមិនមានទេ ។ ( ទីឃាវុកុមារពោលថា ) បពិត្រព្រះរាជា គុណជាតដទៃ អំពីសុចរិត ទីពឹងមិនបានទេ បពិត្រព្រះរាជា គុណជាតដទៃអំពីសុភាសិត ទីពឹងមិនបានទេ ទ្រព្យក្រៅពីនេះក៏យ៉ាងនោះដែរ ។ បុគ្គលទាំងឡាយណា ចងនូវពៀរនោះ ( ដោយគិតថា ) អ្នកឯណោះបានជេរអញ បានវាយអញ បានផ្ចាញ់អញ បានលួចយក ( ទ្រព្យ ) របស់អញ ពៀររបស់បុគ្គលទាំងឡាយនេះ រមែងមិនរម្ងាប់ទេ លុះតែបុគ្គលទាំងឡាយណា មិនចងនូវពៀរនោះ ( ដោយគិតថា ) អ្នក ឯណោះ បានជេរអញ បានវាយអញ បានផ្ចាញ់អញ បានលួចយក ( ទ្រព្យ ) របស់អញ ពៀររបស់បុគ្គលទាំងឡាយនោះ ទើបរម្ងាប់បាន ។ តាំងពីកាលណាមក ពៀរទាំងឡាយក្នុងលោកនេះ រមែងមិន រម្ងាប់ដោយពៀរទេ ពៀរទាំងឡាយរមែងរម្ងាប់បាន ដោយមិនមានពៀរ នេះ ជាបុរាណធម៌ ។