អដ្ឋកថា ទីឃីតិកោសលជាតកទី ១
[ ១០២-១០៦ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុអ្នកក្រុងកោសម្ពីដែលធ្វើនូវការឈ្លោះប្រកែកគ្នា ទើបត្រាស់ ព្រះ ធម្មទេសនានេះ មានពាក្យផ្តើមថា ឯវំ ភូតស្ស តេ រាជ ដូច្នេះជាដើម ។ បានឮថា ក្នុងកាលដែលភិក្ខុទាំងនោះ មកកាន់វត្តជេតពន សូមឲ្យព្រះសាស្តា ទ្រង់អត់នូវទោស ព្រះសាស្តាត្រាស់ហៅភិក្ខុទាំងនោះមកហើយត្រាស់ ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយជាឱរសរបស់យើង ឈ្មោះថា ជា បុត្តដែលកើតអំពីមាត់ បុត្តទាំងឡាយមិនគួរទម្លាយឱវាទដែលបិតាទុកឲ្យ អ្នក ទាំងឡាយមិនធ្វើតាមឱវាទរបស់តថាគត បោរាណកបណ្ឌិតទាំងឡាយ ក៏មិន សម្លាប់ចោរ ដែលសម្លាប់មាតាបិតារបស់ខ្លួនហើយដណ្តើមយករាជសម្បត្តិ ធ្លាក់នៅក្នុងកណ្តាប់ដៃក្នុងព្រៃ ដោយគិតថា អញមិនទម្លាយឱវាទដែលមាតាបិតា ទុកឲ្យដូច្នេះ ទើបទ្រង់នាំយកអតីតនិទានមកសាធកៈ ។ ក្នុងជាតកនេះ រឿងទាំងពីរ គឺរឿងបច្ចុប្បន្ននិងរឿងក្នុងអតីត មានជាក់ច្បាស់ ដោយពិស្តារក្នុងសង្ឃភេទក្ខន្ធកៈ ។ ទីឃាវុកុមារនោះ ចាប់ផ្នួងសក់ របស់ព្រះបាទពារាណសី ដែលផ្ទំលក់កើយភ្លៅរបស់ខ្លួនក្នុងព្រៃ ងាដាវឡើង ដោយបំណងថា ឥឡូវនេះ អញនឹងសម្លាប់ចោរដែលប្រហារមាតាបិតាអញ ឲ្យជាកំណាត់តូចកំណាត់ធំ ខណៈនោះ នឹកឃើញដល់ឱវាទដែលមាតាបិតា ឲ្យ គិតថា ទោះបីអញលះបង់ជីវិត ក៏មិនទម្លាយឱវាទរបស់លោក អញនឹង គំរាមស្តេចពារាណសីនេះតែម្យ៉ាង ទើបពោលគាថាទី ១ ថា បពិត្រព្រះរាជា ព្រះអង្គធ្លាក់មកក្នុងអំណាចរបស់ខ្ញុំយ៉ាងនេះ បរិយាយណា ញ៉ាំងព្រះអង្គឲ្យរួចចាកទុក្ខ បរិយាយណាមួយ នោះ មានដែរឬ ដូច្នេះ ។