អដ្ឋកថា មិគបោតកជាតកទី ២

ក្បាលទី 47 · ទំព័រ 470

[ ១០៧-១១១ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុចាស់មួយរូប ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អគារា បច្ចុបេតស្ស ដូច្នេះជាដើម ។ បានឮថា ភិក្ខុចាស់នោះឲ្យកុមារម្នាក់បួស សាមណេរបម្រើភិក្ខុចាស់នោះ ដោយគោរព ក្នុងកាលតមក សាមណេបានធ្វើកាលកិរិយាដោយជំងឺណាមួយ ព្រោះការធ្វើកាលកិរិយារបស់សាមណេរនោះ ភិក្ខុចាស់នោះត្រូវសេចក្តីសោក គ្របសង្កត់ កន្ទក់កន្ទេញដោយសំឡេងខ្លាំង ភិក្ខុទាំងឡាយមិនអាចឲ្យភ្ញាក់ ខ្លួនបាន ទើបសន្ទនាក្នុងធម្មសភាថា អាវុសោទាំងឡាយ ភិក្ខុចាស់ឈ្មោះនោះ ដើរយំព្រោះការធ្វើកាលកិរិយារបស់សាមណេរ ភិក្ខុចាស់នោះ នឹងឆ្ងាយអំពី ការចម្រើនមរណស្សតិ ។ ព្រះសាស្តាយាងមកហើយត្រាស់សួរថា ម្នាល ភិក្ខុទាំងឡាយ អំបាញ់មិញនេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងអ្វី កាល ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គ ដោយរឿងឈ្មោះនេះ ទើបទ្រង់ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះបុណ្ណោះទេ សូម្បី ក្នុងកាលមុន ភិក្ខុចាស់នេះ កាលសាមណេរមរណៈហើយ ក៏ដើរយំហើយ ដូចគ្នាទើបទ្រង់នាំយកអតីតនិទានមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វជាសក្កទេវរាជ ។ កាលនោះ មានព្រាហ្មណ៍អ្នកដែនកាសីម្នាក់ ចូលទៅកាន់ហិមវន្តប្បទេសបួសជាឥសី ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយ ផ្លែឈើតូចធំ ។ ថ្ងៃមួយឥសីនោះ ឃើញកូនម្រឹគដែលមេងាប់មួយក្នុងព្រៃ ទើបនាំមកកាន់អាស្រមបទ ហើយចិញ្ចឹមទុក ។ កូនម្រឹគធំឡើង មានរូប ស្អាតពន់ពេក ។ តាបសធ្វើកូនម្រឹគនោះឲ្យជាកូនរបស់ខ្លួន ។