មូសិកជាតកទី ៣
( ព្រះរាជាពោលថា ) អ្នកផងនិយាយរវើរវាយថា នាង មូសិកាទាសីទៅឯណាទៅក្នុងទីណា អញតែម្នាក់ឯងដឹងថា នាងមូសិកាទាសី ត្រូវគេសម្លាប់ ( ទម្លាក់ទៅ ) ក្នុងស្រះ ។ ( ព្រះរាជាពោលថា ) អ្នកគិតរកនូវឱកាសនៃការប្រហារ ដូច្នេះ បែរងីកងាកដូចសត្វលា ព្រោះហេតុណា ហេតុនោះអ្នកសម្លាប់នូវនាង មូសិកាទាសី ( ទម្លាក់ទៅ ) ក្នុងស្រះប្រាថ្នាដើម្បីស៊ីនូវបាយដំណើបឬ ។ ( ព្រះរាជាពោលតទៅទៀតថា ) ម្នាលអ្នកឥតប្រាជ្ញា អ្នកជា បុគ្គលនៅក្មេងតូច តាំងនៅក្នុងបឋមវ័យ កាន់យកនូវគ្រឿងប្រហារមានដង ដ៏វែងនេះ យើងមិនឲ្យជីវិតដល់អ្នកទេ ។ ( ព្រះរាជាពោលគាថាដ៏ពិសេសថា ) អញមិនមែនរួច ( អំពី សេចក្តីស្លាប់ ) ព្រោះវិមានលើអាកាស ឬព្រោះបុត្តប្រាកដស្មើដោយអវ័យវៈ បានទេ ព្រោះថាអញត្រូវកូនប្រាថ្នា ( នឹងសម្លាប់ ) បានរួចខ្លួនព្រោះគាថា ទាំងឡាយ ។ បុគ្គលគប្បីសិក្សានូវសុតៈទាំងពួង ទោះបីថោកទាប ឧក្រិដ្ឋ ឬយ៉ាងកណ្តាល គប្បីដឹងនូវប្រយោជន៍នៃសុតៈទាំងអស់ តែមិនគប្បីប្រកប នូវសុតៈទាំងអស់ទេ សុតៈនាំមកនូវប្រយោជន៍ក្នុងកាលណា កាលប្រាកដ ដូច្នោះរមែងមានប្រាកដ ។