អដ្ឋកថា កបោតកជាតកទី ៥
[ ១២៤-១២៩ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុឡេះឡោះមួយរូប ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ឥទានិ ខោម្ហិ ដូច្នេះជាដើម ។ រឿងភិក្ខុឡេះឡោះ បានឲ្យពិស្តារហើយដោយរឿងមិនមែនតិច ។ ចំណែក ក្នុងជាតកនេះ ព្រះសាស្តាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នកឡេះ ឡោះពិតឬ កាលភិក្ខុនោះក្រាបទូលថា ករុណាព្រះអង្គពិតមែន ទើបត្រាស់ ថា ម្នាលភិក្ខុ មិនមែនតែក្នុងកាលឥឡូវនេះបុណ្ណោះទេ សូម្បីក្នុងកាលមុនអ្នក ក៏ឡេះឡោះមកហើយ ព្រោះតែការឡេះឡោះទើបដល់នូវការអស់ជីវិត ហើយ ទ្រង់នាំយកអតីតនិទានមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតព្រាបនៅក្នុងកឡោ ដែលគេធ្វើជាសម្បុកសត្វ ក្នុងរោងចុងភៅរបស់ពារាណសីសេដ្ឋី ។ គ្រានោះ មានក្អែកមួយចង់ស៊ីត្រី ទើបធ្វើមេត្រីជាមួយព្រាបនោះ បាននៅក្នុងកឡោនោះដូចគ្នា ។ ថ្ងៃមួយ ក្អែកឃើញសាច់និងត្រីជាច្រើនគិតថា អញនឹងស៊ីសាច់និងត្រីនេះ ទើបដេកថ្ងូរ ក្នុងកឡោដែលជាសម្បុកនោះឯង សូម្បីព្រាបក៏ពោលថា មកសម្លាញ់ ពួកយើង ទៅរកស៊ីទាំងអស់គ្នា ក៏ពោលថា ងេងងោងព្រោះអាហារមិនរលួយ សូមអ្នកទៅចុះ កាលព្រាបនោះទៅហើយក៏គិតថា ចម្រូងចម្រាស គឺសត្រូវ របស់អញទៅហើយ ឥឡូវនេះ អញនឹងស៊ីត្រីនិងសាច់តាមគាប់ចិត្ត ទើប ពោលគាថាទី ១ ថា ឥឡូវនេះអញបានសុខ មិនមានរោគ មិនមានសត្រូវដូចបន្លា ( ព្រោះ ) ព្រាបហើរចេញទៅហើយ ឥឡូវនេះ អញនឹងធ្វើ នូវសេចក្តីត្រេកអរនៃចិត្ត ព្រោះថា សាច់និងអន្លក់រមែងញ៉ាំង អញឲ្យមានកម្លាំង ដូច្នេះ ។