អាវារិយជាតកទី ១

ក្បាលទី 47 · ទំព័រ 501

( ព្រះពោធិសត្វទូន្មានថា ) បពិត្រម្ចាស់ផែនដី សូមព្រះអង្គ កុំខ្ញាល់ បពិត្រព្រះអង្គប្រសើរលើរថ សូមព្រះអង្គកុំខ្ញាល់ ព្រះរាជាកាលមិន ខ្ញាល់តបចំពោះបុគ្គលដែលខឹង រ្រាស្តតែងបូជា អាត្មារមែងប្រៀនប្រដៅ មនុស្សក្នុងទីទាំងពួង គឺក្នុងស្រុកឬក្នុងព្រៃ ទីទាបឬទីទូល បពិត្រព្រះអង្គ ប្រសើរលើរថ សូមព្រះអង្គកុំខ្ញាល់ ។ ( ព្រះសាស្តាត្រាស់ថា ) នាយទូកក្នុងទន្លេគង្គា ឈ្មោះ អាវារិយបិតា តែងចម្លងនូវជនមុន ហើយទើបសុំយកនូវថ្លៃឈ្នួលក្នុងកាល ខាងក្រោយ ហេតុនោះ ការឈ្លោះប្រកែករមែងមានដល់គាត់ គាត់ក៏មិន ចម្រើនដោយភោគសម្បត្តិទាំងឡាយ ។ ( តាបសពោធិសត្វទូន្មានថា ) ម្នាលនាយទូក ចូរអ្នកសុំ យកថ្លៃចំពោះមនុស្ស ដែលមិនទាន់ឆ្លងទៅកាន់ត្រើយនាយ ឲ្យហើយសិន ព្រោះថាចិត្តមនុស្សដែលឆ្លងហើយផ្សេង ចិត្តរបស់មនុស្សអ្នកស្វែងរកត្រើយ ( ត្រូវការឆ្លង ) ផ្សេង ។ អាត្មាតែងប្រៀនប្រដៅមនុស្សក្នុងទីទាំងពួង គឺក្នុងស្រុកឬ ក្នុងព្រៃ ទីទាបឬទីទូល ម្នាលនាយទូកចូរអ្នកកុំខឹង ។ ( ព្រះសាស្តាត្រាស់ថា ) ព្រះរាជាបានប្រទានស្រុកសួយ ដោយពាក្យប្រៀនប្រដៅណា នាយទូកក៏ទះមាត់ ( ឥសី ) ដោយពាក្យប្រៀន ប្រដៅនោះដែរ ។ ភាជន៍បាយក៏បែក ភរិយាក៏ត្រូវខ្លួនប្រហារ គភ៌របស់ភរិយា ក៏ធ្លាក់ចុះទៅលើផែនដី មនុស្សពាលមិនញ៉ាំងប្រយោជន៍ឲ្យចម្រើន ដោយ ឱវាទនោះ ដូចជាម្រឹគមិនចម្រើនដោយមាសប្រាក់ ។