សេតកេតុជាតកទី ២

ក្បាលទី 47 · ទំព័រ 511

( អាចារ្យទិសាបាមោក្ខទូន្មានសេតកេតុព្រាហ្មណ៍ថា ) ម្នាល អ្នក ចូរអ្នកកុំខឹង ព្រោះថាការខឹងជាការមិនល្អទេ អ្នកមិនដែលឃើញ មិន ដែលឮនូវទិសជាច្រើនទេ ម្នាលអ្នកឈ្មោះសេតកេតុ មាតាបិតាទុកជាទិស ( ខាងដើម អ្នកប្រាជទាំងឡាយ ) ពោលថា អាចារ្យទុកជា ( ទិសខាងស្តាំ ) ប្រសើរជាងទិសទាំងឡាយ ។ ពួកជនជាគ្រហស្ថ ជាអ្នកឲ្យបាយទឹកនិងសំពត់ ជាអ្នកហៅ រក ( នូវអ្នកទទួលទាន ) ណា អ្នកប្រាជទាំងឡាយ មានព្រះពុទ្ធជាដើម ពោល នូវបុគ្គលនោះថាជាទិស ( ខាងលើ ) ម្នាលសេតកេតុ បុគ្គលមានទុក្ខ ត្រឡប់ ជាបានសេចក្តីសុខវិញ ព្រោះដល់នូវទិស ( និព្វាន ) ណា ទិសនុ៎ះ ជាទិស ដ៏ប្រសើរ ។ ( ព្រះរាជាសួរបុរោហិតថា ) ជដិលទាំងឡាយណា ទ្រទ្រង់ ស្បែកខ្លាឃ្មុំទាំងក្រចក មានធ្មេញប្រកបដោយមន្ទិល មានសភាពដ៏សៅហ្មង តែងស្វាធ្យាយនូវមន្តទាំងឡាយ ជដិលទាំងនោះ ( ឋិតនៅ ) ក្នុងសេចក្តី ព្យាយាមជារបស់មនុស្ស ដឹងច្បាស់នូវលោកនេះ បានរួចចាកអបាយឬទេ ។ ( បុរោហិតទូលតបថា ) បពិត្រព្រះរាជា បុគ្គលជាពហុស្សូត ធ្វើបាបកម្មទាំងឡាយ មិនប្រព្រឹត្តធម៌ សូម្បីចេះដឹងច្រើន ហើយអាស្រ័យ ការចេះដឹងនោះ មិនបានដល់នូវការប្រព្រឹត្ត ក៏រមែងមិនបានរួចចាកទុក្ខឡើយ ។ ( ព្រះរាជាពោលថា ) បុគ្គលអ្នកចេះច្រើន អាស្រ័យនូវ ការចេះដឹងនោះ តែមិនបានដល់នូវការប្រព្រឹត្ត ក៏រមែងមិនរួចចាកទុក្ខខ្ញុំសម្គាល់ ថាការចេះដឹងមិនមានផលទេ ការប្រព្រឹត្ត ព្រមទាំងការសង្រួមទៀងទាត់ទើប មានផល ។