អដ្ឋកថា ទរីមុខជាតកទី ៣

ក្បាលទី 47 · ទំព័រ 523

[ ១៤២-១៤៧ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ មហាភិន្រេស្កមណ៍ ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា បង្កោ ច កាមា ដូច្នេះជាដើម ។ រឿងក្នុងបច្ចុប្បន្នបានពោលទុកហើយខាងដើម ។ ក្នុងអតីតកាល ព្រះរាជាព្រះនាមថា មគធរាជ សោយរាជសម្បត្តិនៅក្នុង នគររាជគ្រឹះ កាលនោះ ព្រះពោធិសត្វកាន់យកកំណើត ក្នុងព្រះឧទរនៃ អគ្គមហេសីរបស់ព្រះអង្គ ព្រះញាតិទាំងឡាយ បានថ្វាយព្រះនាម ព្រះអង្គ ថា ព្រហ្មទត្តកុមារ ។ ក្នុងថ្ងៃដែលព្រះរាជកុមារប្រសូតនោះឯង ឯបុត្តរបស់ បុរោហិតក៏កើត ។ ទឹកមុខរបស់កុមារនោះស្អាតពន់ពេក ព្រោះហេតុនោះទើប ញាតិរបស់កុមារឲ្យឈ្មោះថា ទរីមុខ ។ កុមារទាំង ២ នោះ ចម្រើនវ័យហើយក្នុងរាជត្រកូលនោះឯង ។ កុមារ ទាំងពីរជាសម្លាញ់នឹងគ្នា លុះមានអាយុ ១៦ វស្សា បានទៅកាន់នគរតក្កសិលា រៀនសិល្បស្រាស្តគ្រប់យ៉ាង ហើយនាំគ្នាត្រាច់ទៅក្នុងគាមនិគម ជាដើម ដោយតាំងចិត្តថា នឹងនាំគ្នាសិក្សាគ្រប់លទ្ធិ និងស្គាល់ចរិតរបស់ទឹកដី ដល់នគរពារាណសី ស្នាក់នៅត្រង់ទេវស្ថាន ។ ស្អែកឡើង នាំគ្នាចូលទៅកាន់ នគរពារាណសីដើម្បីភិក្ខា ។ មនុស្សក្នុងត្រកូលនីមួយៗ ក្នុងនគរពារាណ សីនោះតាំងចិត្តថា ពួកយើងនឹងអង្គាសព្រាហ្មណ៍ ហើយថ្វាយគ្រឿងបូជា ទើបចម្អិនបាយាស ហើយក្រាលអាសនៈទុក ។ មនុស្សទាំងឡាយឃើញជន ទាំង ២ នោះកំពុងត្រាច់ភិក្ខាចារ យល់ថា ព្រាហ្មណ៍មកហើយ ទើបឲ្យចូលទៅ ក្នុងផ្ទះ ក្រាលសំពត់សទុកសម្រាប់ព្រះមហាសត្វ ក្រាលសំពត់ក្រហមទុក សម្រាប់ទរីមុខកុមារ ។