អដ្ឋកថា នេរុជាតកទី ៤

ក្បាលទី 47 · ទំព័រ 541

[ ១៤៨-១៥៣ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុមួយរូប ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា កាកោលា កាកសង្ឃា ច ដូច្នេះជាដើម ។ បានឮថា ភិក្ខុរូបនោះ រៀនកម្មដ្ឋានក្នុងសម្នាក់របស់ព្រះសាស្តា បាន ទៅកាន់តំបន់មួយ ។ មនុស្សទាំងឡាយជ្រះថ្លាក្នុងឥរិយាបថរបស់លោក ឲ្យ លោកឆាន់ហើយ ទទួលប្តេជ្ញា សាងបណ្ណសាលាក្នុងព្រៃ ឲ្យលោកនៅក្នុង សាលាស្លឹកនោះ នាំគ្នាថ្វាយសក្ការៈដោយអើពើ ។ កាលនោះ អ្នកបួស ដទៃដែលជាពួកសស្សតវាទបានមកក្នុងទីនោះ ។ មនុស្សទាំងនោះ បានស្តាប់ ពាក្យរបស់អ្នកបួសទាំងនោះហើយ នាំគ្នាលះបង់ថេរវាទចោល កាន់យក សស្សតវាទ ថ្វាយសក្ការៈដល់លោកទាំងនោះបុណ្ណោះ ។ បន្ទាប់មកពួក ឧច្ឆេទវាទក៏មកដល់ ពួកអ្នកស្រុកក៏នាំគ្នាលះសស្សតវាទចោល កាន់យក ឧច្ឆេទវាទ ។ តមកពួកដទៃដែលជា អចេលកវាទមក ក៏នាំគ្នាលះឧច្ឆេទវាទ ចោល កាន់យកអចេលកវាទ ។ ភិក្ខុនោះនៅដោយមិនសប្បាយក្នុងសម្នាក់ របស់មនុស្សទាំងនោះដែលមិនស្គាល់គុណនិងមិនមែនគុណ ចេញវស្សាបវារណា ហើយ ទើបទៅកាន់សម្នាក់របស់ព្រះសាស្តា ជាភិក្ខុដែលព្រះសាស្តាធ្វើ បដិសណ្ឋារៈហើយ កាលទ្រង់ត្រាស់សួរថា អ្នកចាំវស្សាក្នុងទីណា ក៏ទូលថា បពិត្រព្រះអង្គដ៏ចម្រើន នៅអាស្រ័យត្រង់ស្រុកជាយដែន ព្រះសាស្តាត្រាស់ សួរថា អ្នកនៅសប្បាយឬ ទើបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ នៅជាទុក្ខក្នុងសម្នាក់របស់ជនដែលមិនដឹងគុណ និងទោស ។ ព្រះសាស្តា ត្រាស់សួរថា ម្នាលភិក្ខុ បណ្ឌិតទាំងឡាយក្នុងសម័យមុន សូម្បីកើតក្នុង កំណើតតិរច្ឆាន ត្រឹមតែមួយថ្ងៃក៏មិន នៅជាមួយជនទាំងឡាយដែលមិនដឹង គុណនិងទោស ហេតុអ្វីទើបអ្នកនៅក្នុងសម្នាក់របស់មនុស្សដែលមិនដឹងគុណ និងទោស ។