អាសង្កជាតកទី ៥
( នាងអាសង្កាកុមារិកាពោលថា ) វល្លឈ្មោះ អាសាវតីកើត ក្នុងឧទ្យានឈ្មោះចិត្តលតាវ័ន វល្លនោះក្នុងមួយពាន់ឆ្នាំ ទើបកើតផ្លែ ១ ។ ទោះបីផ្លែមាននៅក្នុងទីឆ្ងាយដល់ម្លោះ ពួកទេវតានៅតែចូលទៅ រកវល្លនោះ បពិត្រព្រះរាជា សូមព្រះអង្គប្រាថ្នាចុះ សេចក្តីប្រាថ្នារមែង មានផល នាំមកនូវសេចក្តីសុខ ។ អម្បាលសត្វស្លាបនោះ ( កុក ) នៅប្រាថ្នាបាន អម្បាល សត្វមានកំណើតពីរ គង់ប្រាថ្នាបាន ថ្វីបើទន្លេមាននៅក្នុងទីឆ្ងាយ សេចក្តីប្រាថ្នារបស់កុកនោះ គង់សម្រេចមិនខាន បពិត្រព្រះរាជា សូមព្រះអង្គប្រាថ្នាចុះ សេចក្តីប្រាថ្នារមែងមានផលជាសុខ ។ ( ព្រះរាជាព្រហ្មទត្តពោលថា ) នាងបានញ៉ាំងខ្ញុំ ឲ្យឆ្អែត ដោយវាចា មិនឆ្អែតដោយការងារ ដូចជាផ្កាកម្រងនៃឈើសោរេយ្យកៈ មាន តែពណ៌មិនមានក្លិន ។ បុគ្គលណាមិនឲ្យ មិនលះបង់ភោគៈ គ្រាន់តែធ្វើនូវវាចាដ៏ ពីរោះ ជាវាចាឥតផលចំពោះមិត្តទាំងឡាយ តំណ ( នៃសេចក្តីស្និទ្ធស្នាល ) របស់បុគ្គលនោះរមែងសាបសូន្យទៅដោយហេតុនោះឯង ។ ពិតណាស់ បុគ្គលធ្វើនូវអំពើណា គប្បីនិយាយនូវអំពើនោះ មិនធ្វើនូវអំពើណា មិនគប្បីនិយាយនូវអំពើនោះ បណ្ឌិតទាំងឡាយរមែង កំណត់ដឹងនូវបុគ្គលអ្នកមិនធ្វើ គ្រាន់តែនិយាយ ។ ពលរបស់ខ្ញុំអស់ហើយ ទាំងស្បៀងអាហារក៏មិនមាន ខ្ញុំ រង្កៀសចំពោះការវិនាសនៃជីវិត បើដូច្នោះខ្ញុំនឹងទៅឥឡូវនេះ ។ ( នាងអាសង្កាទូលថា ) បពិត្រព្រះអង្គទ្រង់ប្រសើរលើរថ ពាក្យណាដែលមាននៅក្នុងឈ្មោះ ពាក្យនុ៎ះឯងជាឈ្មោះរបស់ខ្ញុំព្រះអង្គបពិត្រ មហារាជ សូមព្រះអង្គរង់ចាំចុះ ខ្ញុំព្រះអង្គនឹងអញ្ជើញបិតាសិន ។