មិគលោបជាតកទី ៦
( ត្មាតពោធិសត្វនិយាយនឹងកូនថា ) ម្នាលមិគលោបៈ ដំណើរ របស់អ្នកប្រាកដដូច្នោះ មិនពេញចិត្តអញទេ ម្នាលកូនត្បិតអ្នកហើរទៅខ្ពស់ ពេក ម្នាលកូនអ្នកសេពគប់នូវទីមិនមែនផែនដី ។ ផែនដីប្រាកដដល់អ្នក ដូចជាស្រែមានជ្រុង ៤ ម្នាលកូន ចូរអ្នកត្រឡប់អំពីទីនោះមកវិញ កុំទៅហួសអំពីទីនេះឡើយ ។ ពួកសកុណជាតិឯទៀត មានស្លាបជាយាន ទៅកាន់អាកាស ពួកសត្វទាំងនោះសម្គាល់ខ្លួនថាស្មើដោយវត្ថុដ៏ទៀងទាត់ ត្រូវកម្លាំងខ្យល់បក់ បោកវិនាស ។ ( ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងថា ) មិគលោបៈ មិនធ្វើតាម ពាក្យប្រដៅរបស់បិតាចាស់ ឈ្មោះអបរណ្ណៈ ហើរកន្លងនូវខ្យល់រដូវកាល បានទៅដល់អំណាចនៃខ្យល់ព្យុះ ។ កូនក្តីប្រពន្ធក្តីឬសត្វឯទៀតជាអ្នកចិញ្ចឹមជីវិតតាម មិគលោបៈ នោះ ពួកសត្វស្លាបទាំងអស់ ក៏ដល់នូវសេចក្តីវិនាស ព្រោះទិជជាតិ ( មិគ លោបៈ ) មិនធ្វើតាមឱវាទ ។ បុគ្គលណាមិនយល់នូវពាក្យរបស់បុគ្គលចាស់ទុំ ក្នុងលោក នេះ បុគ្គលនោះ ( ដល់នូវសេចក្តីវិនាស ) ដូចជាត្មាតកន្លងពាក្យប្រៀន ប្រដៅ ជាសត្វភ្លើតភ្លើនត្រាច់ទៅកាន់ទីហួសដែន ជនទាំងអស់ដល់នូវសេចក្តី វិនាស ព្រោះមិនធ្វើតាមពាក្យប្រដៅរបស់ព្រះពុទ្ធ ។