អដ្ឋកថា មិគលោបជាតកទី ៦

ក្បាលទី 47 · ទំព័រ 558

[ ១៦២-១៦៧ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុប្រដៅក្រមួយរូប ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា ន មេ រុចិ ដូច្នេះ ជាដើម ។ ក្នុងកាលនោះ ព្រះសាស្តាបានហៅភិក្ខុនោះមក ហើយត្រាស់សួរថា ពិត ឬភិក្ខុ បានឮថា អ្នកជាមនុស្សប្រដៅក្រ កាលលោកទូលថា ករុណា ពិត ហើយព្រះអង្គ ទើបត្រាស់ថា ម្នាលភិក្ខុមិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះ ទេ សូម្បីក្នុងកាលមុន អ្នកក៏ជាបុគ្គលប្រដៅក្រដូចគ្នា ព្រោះអាស្រ័យភាពជា អ្នកប្រដៅក្រ អ្នកមិនជឿពាក្យរបស់បណ្ឌិតទាំងឡាយ ទើបដល់នូវសេចក្តី វិនាសក្នុងរវាងផ្លូវរបស់ខ្យល់វេរម្ភៈ ហើយទ្រង់នាំយករឿងក្នុងអតីត មកសាធកៈ ដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជ្យ នៅក្នុងនគរពារាណសី ព្រះពោធិសត្វយោនយកកំណើតជាសត្វត្មាត មានឈ្មោះថា អបរណ្ណ មាន ពួកត្មាតចោមរោម អាស្រ័យនៅលើភ្នំគិជ្ឈកូដ ។ ឯកូនរបស់ត្មាត ឈ្មោះ មិគាលោបៈ ជាសត្វសម្បូរដោយកម្លាំង ត្មាតនោះហើរខ្ពស់ហួសដែនរបស់ ត្មាតដទៃៗ ត្មាតទាំងឡាយប្រាប់ដល់ស្តេចត្មាតថា កូនរបស់លោកហើរឆ្ងាយ ពន់ពេក ។ ត្មាតអបរណ្ណបានស្តាប់ដូច្នោះហើយ ហៅកូនមកសួរថា នែកូន បានឮថា ឯងហើរខ្ពស់ណាស់ ឯងហើរខ្ពស់នឹងដល់នូវការអស់ជីវិត ហើយ ពោលគាថា ៣ ថា ម្នាលមិគលោបៈ ដំណើររបស់អ្នកប្រាកដដូច្នោះ មិនពេញចិត្ត អញទេ ម្នាលកូនត្បិតអ្នកហើរទៅខ្ពស់ពេក ម្នាលកូនអ្នក សេពគប់នូវទីមិនមែនផែនដី ។ ផែនដីប្រាកដដល់អ្នកដូចជាស្រែមានជ្រុង ៤ ម្នាលកូនចូរ អ្នកត្រឡប់អំពីទីនោះមកវិញ កុំទៅហួសអំពីទីនេះឡើយ ។ ពួកសកុណជាតិឯទៀត មានស្លាបជាយានទៅកាន់អាកាស ពួកសត្វទាំងនោះសម្គាល់ខ្លួនថាស្មើដោយវត្ថុដ៏ទៀងទាត់ ត្រូវ កម្លាំងខ្យល់បក់បោកវ