សិរិកាឡកណ្ណិជាតកទី ៧

ក្បាលទី 47 · ទំព័រ 562

( សុចិបរិវារសេដ្ឋីពោធិសត្វសួរនាងទេវធីតាឈ្មោះកាឡកណ្ណី ថា ) នាងជាអ្វី មានវណ្ណៈខ្មៅ ទាំងមិនមានគ្រឿងមើលជាទីស្រឡាញ់ នាង ជាអ្វី ឬជាធីតារបស់អ្នកណា យើងស្គាល់នាងដូចម្តេចបាន ។ ( នាងកាឡកណ្ណីឆ្លើយថា ) ខ្ញុំឈ្មោះចណ្ឌិយា ជាធីតានៃ មហារាជឈ្មោះវិរូបក្ខៈ ខ្ញុំមានសម្បុរខ្មៅ ជ្រាស្តីឥតបុណ្យ ពួកទេវតារមែង ស្គាល់ខ្ញុំថាជាកាឡកណ្ណី អ្នកកាលបើខ្ញុំសូមឱកាស សូមឲ្យយើងនឹងនៅក្នុង សម្នាក់នៃអ្នក ។ ( សេដ្ឋីពោធិសត្វសួរថា ) នាងតម្កល់ចិត្តចំពោះបុរសមាន សីលធម៌ដូចម្តេច មានសមាចារដូចម្តេច ម្នាលនាងកាឡី នាងខ្ញុំសួរហើយក៏ ចូរប្រាប់មក យើងនឹងស្គាល់នាងដូចម្តេចបាន ។ ( នាងកាឡកណ្ណី ឆ្លើយប្រាប់ថា ) បុរសណាជាអ្នកលុប គុណ ប្រឡងវាសនា ប្រណាំងប្រជែង ច្រណែន កំណាញ់ ជាអ្នកអួតអាង បានទ្រព្យហើយបំផ្លាញទៅវិញ បុរសនោះជាទីត្រេកអររបស់ខ្ញុំ ។ បុរសណាច្រើនក្រោធ ចងសេចក្តីក្រោធទុក ញុះញង់បំបែក មិត្ត ពោលពាក្យចាក់ដោតដូចបន្លា ពោលពាក្យទ្រគោះ បុរសនោះជាទីត្រេកអរ ក្រៃលែងរបស់ខ្ញុំជាងនោះទៅទៀត ។ បុរសមិនយល់ប្រយោជន៍របស់ខ្លួនថា ( កិច្ចនេះត្រូវធ្វើ ) ក្នុង ថ្ងៃនេះឬក្នុងថ្ងៃស្អែក កាលបើគេទូន្មានក៏ខឹងតប មើលងាយនូវបុគ្គលប្រសើរ ។ បុរសណាជាប់ចិត្តក្នុងល្បែង គឺកាមគុណ រមែងឃ្លាតចាក មិត្តទាំងពួង បុរសនោះជាទីត្រេកអររបស់ខ្ញុំ ទាំងខ្ញុំ ក៏មិនមានមោះមៃចំពោះ បុរសនោះទេ ។ ( ពោធិសត្វតិះដៀលថា ) ម្នាលនាងកាឡី នាងចូរចៀស ចេញអំពីទីនេះទៅ អំពើអាក្រក់នេះ មិនមានក្នុងយើងទាំងឡាយទេ នាងចូរ ទៅកាន់ជនបទ ឬនិគមរាជធានីដទៃចុះ ។