កុក្កុដជាតកទី ៨
( សំពោចញីនិយាយថា ) នែអ្នកមានខ្លួនបិទបាំងដោយ ស្លាបដ៏វិចិត្រល្អ ជាសត្វមានសិរ្សក្រហម ទៅកាន់អាកាសបាន ចូរអ្នកចុះ អំពីមែកឈើមក ខ្ញុំនឹងជាប្រពន្ធរបស់អ្នកដោយទទេ ។ ( មាន់ពោធិសត្វឆ្លើយថា ) ម្នាលនាងដ៏ល្អ ជាទី ត្រេកអរ នៃចិត្ត នាងជាសត្វជើងបួន ខ្ញុំជាសត្វជើងពីរ ពួកម្រឹគនិងសត្វបក្សី មិនសមគ្នា ទេ នាងចូរស្វែងរកសត្វឯទៀតធ្វើជាស្វាមីចុះ ។ ( សំពោចញីនិយាយថា ) ខ្ញុំនៅជាកុមារី ជ្រាស្តីនិយាយពីរោះ ពោលពាក្យជាទីស្រឡាញ់ នឹងបានជា ( ប្រពន្ធ ) របស់អ្នក អ្នកចូរបាននូវ ខ្ញុំ ជ្រាស្តីល្អ ជាព្រហ្មចារិនី ដោយការបានដ៏ប្រសើរ ។ ( មាន់ពោធិសត្វតិះដៀលថា ) នែនាង ជាសត្វស៊ីនូវសាកសព ផឹកនូវឈាម ជាចោរ បៀតបៀននូវមាន់ នាងឯង មិនមែនចង់បាននូវ អញធ្វើជាប្តីដោយការបានប្រសើរទេ ។ ( ព្រះសម្ពុទ្ធសម្តែងថា ) នារីទាំងឡាយដែលមានការវាង វៃ ឃើញនូវបុរសដ៏ប្រសើរហើយ រមែងដឹកនាំដោយវាចាដ៏ពីរោះ យ៉ាង នេះឯង ដូចជាសំពោចញីប្រលោមនូវមាន់ឈ្មោល ( មកធ្វើជាប្តីរបស់ខ្លួន ) ។ បុគ្គលណាមិនឆាប់យល់នូវប្រយោជន៍ដែលកើតឡើង បុគ្គល នោះរមែងលុះអំណាចនៃសត្រូវផង រមែងក្តៅក្រហាយក្នុងកាលជាខាងក្រោយ ផង ។ លុះតែបុគ្គលណា ឆាប់យល់ច្បាស់នូវប្រយោជន៍ ដែលកើត ឡើង បុគ្គលនោះរមែងរួចចាកការបៀតបៀនអំពីសត្រូវ ដូចមាន់ឈ្មោលរួច អំពីសំពោចញី ។