នន្ទិយមិគរាជជាតកទី ១០

ក្បាលទី 47 · ទំព័រ 594

( ម្រឹគមាតាបិតានិយាយផ្តាំថា ) ម្នាលព្រាហ្មណ៍ បើអ្នកទៅកាន់ ឧទ្យានឈ្មោះអញ្ជ័ន ក្នុងក្រុងសាកេត និយាយប្រាប់កូនឈ្មោះនន្ទិយៈជា ឱរសរបស់ខ្ញុំថា មាតាបិតាទាំងឡាយរបស់អ្នកចាស់ហើយ គាត់ចង់ឃើញ អ្នក ។ ( នន្ទិយម្រឹគនិយាយថា ) បន្លែទាំងឡាយ ទឹកនិងភោជន របស់ព្រះរាជាខ្ញុំបានបរិភោគហើយ ម្នាលព្រាហ្មណ៍ ខ្ញុំមិនអាចបរិភោគទទេ នូវដុំភោជនជាអំណោយរបស់ព្រះរាជានោះទេ ។ ខ្ញុំនឹងបែរនូវចំហៀងខ្លួនដល់ព្រះរាជា មានសរក្នុងដៃ ក្នុងកាល ណោះ ខ្ញុំក៏ដល់នូវសេចក្តីសុខ រួចចាក ( មរណៈ ) ហើយ ប្រហែលនឹង បានឃើញនូវមាតា ។ ( ព្រះសាស្តាទ្រង់ត្រាស់ថា ) កាលពីដើម តថាគត ជាសត្វ ជើងបួន មានរូបល្អ ជាស្តេចម្រឹគឈ្មោះនន្ទិយៈ ដោយឈ្មោះនៅក្នុងលំនៅ នៃស្តេចកោសល ។ ព្រះរាជាកោសល ផ្ទាប់ព្រួញយឺតធ្នូមកដើម្បីសម្លាប់នូវ តថាគតនោះ ក្នុងឧទ្យានឈ្មោះអញ្ជ័នជាទីដែលពួកជនថ្វាយ ។ តថាគត ក៏បែរនូវចំហៀងខ្លួនដល់ព្រះរាជានោះដែលមានកូន សរក្នុងដៃក្នុងកាលណោះ តថាគត ក៏ដល់នូវសេចក្តីសុខរួចចាក ( មរណៈ ) ហើយបានមកឃើញមាតា ។ ឧទ្ទាននៃអាវារិយវគ្គនោះគឺ ( អំពីអាវារិយជាតក ) មានពាក្យថា បពិត្រព្រះអង្គប្រសើរ លើរថ សូមព្រះអង្គកុំខ្ញាល់ ១ សេតកេតុជាតកដ៏ប្រសើរ ១ ទរីមុខជាតក ១ នេរុជាតក ១ ( អាសង្កជាតក ) ១ ទៀត ការមិនត្រេកអរ ១ សិរីទេវធីតា ១ មាន់មានស្លាបដ៏ប្រសើរ វិចិត្រ ១ ក្អែកសម្តែងធម៌ ១ ម្រឹគឈ្មោះនន្ទិយៈ ១ ត្រូវជា ១០ ។