អដ្ឋកថា តុណ្ឌិលជាតកទី ៣
[ ២១៦-២២១ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុខ្លាចស្លាប់មួយរូប ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា នវច្ឆទ្ទកេ ដូច្នេះ ជាដើម ។ បានឮថា កុលបុត្តអ្នកក្រុងសាវត្ថីនោះ បួសក្នុងព្រះសាសនា តែបានជា អ្នកខ្លាចស្លាប់ ។ លោកបានឮសំឡេងមែកឈើធ្លាក់ ក៏មានខ្លួនញាប់ញ័រ ចំប្រប់ ឬស្នូរជើងសត្វត្រឹមតែតូចតាច គឺស្រាលៗ ឬសំឡេងដទៃបែបនោះ ក៏ជាអ្នកត្រូវភ័យ គឺសេចក្តីស្លាប់គ្របសង្កត់ មានខ្លួនញ័រចំប្រប់ដើរទៅ ដូច ទន្សាយត្រូវចាក់ត្រង់ពោះ ដូច្នោះ ។ ភិក្ខុទាំងឡាយនាំគ្នាតាំងកថា ក្នុងធម្មស ភាថា នែអាវុសោ ភិក្ខុឈ្មោះនោះខ្លាចស្លាប់ បានឮសំឡេង ត្រឹមតែតិចតួច ក៏ស្រែក ស្ទុះគេចទៅ លោកគួរមនសិការថា សេចក្តីស្លាប់របស់សត្វ ទាំងឡាយបុណ្ណោះជារបស់ទៀង តែជីវិតមិនទៀង ដូច្នេះ ។ ព្រះសាស្តា យាងមកហើយ ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយអង្គុយ សន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយទូលថា បពិត្រព្រះអង្គដ៏ចម្រើន ដោយរឿងឈ្មោះនេះ ដូច្នេះហើយ ទើបត្រាស់ឲ្យហៅភិក្ខុនោះមក ទ្រង់សួរ ថា ម្នាលភិក្ខុ បានឮថា អ្នកខ្លាចស្លាប់ពិតឬ កាលភិក្ខុនោះទូលថា ករុណា ពិតព្រះអង្គដូច្នេះ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនចំពោះក្នុងបច្ចុប្បន្ន នេះបុណ្ណោះទេ សូម្បីក្នុងកាលមុន ភិក្ខុនេះក៏ខ្លាចស្លាប់ដូចគ្នា ហើយទ្រង់បាន នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វយោនយកកំណើតក្នុងផ្ទៃរបស់មេជ្រូក ។