សុវណ្ណកក្កដជាតកទី ៤
( ក្អែកពោលថា ) ម្រឹគមានពណ៌ដូចមាស ( ក្តាម ) មាន ភ្នែកលៀន មានស្បែកដូចឆ្អឹង អាស្រ័យនៅក្នុងទឹក ជាសត្វមិនមានរោម ខ្ញុំ ត្រូវក្តាមនោះគ្របសង្កត់ទើបយំ កំព្រា ( តែម្នាក់ឯង ) ម្នាលសម្លាញ់អើយ ហេតុអ្វីទើបអ្នកបោះបង់ខ្ញុំចោល ។ ពស់នោះ កាលជួយ ( ក្អែកនោះ ) បើកពពារដ៏ធំ លូន ចូលទៅជិតក្តាម យកអាសា ការពារសម្លាញ់ដ៏ស្និទ្ធស្នាល ក្តាមក៏ចាប់ពស់ ទៀត ។ ( ពស់ពោលថា ) ចំណែកខាងក្តាម ជាសត្វត្រូវការដោយ ចំណី មិនគួរចាប់ក្អែក មិនគួរចាប់ពស់ទេ ម្នាលអ្នកមានភ្នែកលៀន ខ្ញុំសូម សួរអ្នក ហេតុអ្វីក៏អ្នក មកចាប់យើងទាំងពីរនាក់ ។ ( ក្តាមនិយាយថា ) បុរសនេះ ជាអ្នកប្រាថ្នានូវប្រយោជន៍ ដល់ខ្ញុំ អ្នកណាចាប់ខ្ញុំនាំទៅក្នុងទឹក កាលបើអ្នកនោះស្លាប់ ខ្ញុំ ( នឹងមាន ) សេចក្តីទុក្ខច្រើន ( ព្រោះ ) ខ្ញុំនិងបុរសនេះទាំងពីរនាក់ នឹងមិននៅជាមួយគ្នា ។ ឯអ្នកផង ឃើញខ្ញុំមានកាយចម្រើន ( ធំ ) គប្បីប្រាថ្នាដើម្បី បៀតបៀនតែប៉ុណ្ណោះ សូម្បីពួកក្អែកបានឃើញខ្ញុំ មានសាច់ឆ្ងាញ់ ក្រាស់ ទន់ ក៏គប្បីបៀតបៀនដែរ ។ ( ពស់ពោលថា ) បើអ្នកចាប់យើងទាំងពីរនាក់ ព្រោះ ហេតុតែបុរសនោះ បុរសចូរក្រោកឡើង ខ្ញុំនឹងស្រូបយកពិសចេញ អ្នកចូរ លែងខ្ញុំនិងក្អែកឲ្យឆាប់ ព្រោះកាលពីដើមពិសដ៏ក្លៀវក្លាជ្រាបចូលក្នុងសត្វ ។ ( ក្តាមនិយាយថា ) អញលែងពស់ តែមិនលែងក្អែកទេ ព្រោះថា ក្អែកទុកជាអ្នកធានាសិន អញលុះឃើញនូវបុរសមានសេចក្តីសុខ មិនមានរោគ ទើបលែងក្អែក ដូចយ៉ាងពស់ ដែរ ។