អដ្ឋកថា សុវណ្ណកក្កដជាតកទី ៤

ក្បាលទី 47 · ទំព័រ 640

[ ២២២-២២៩ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធ ការលះបង់ជីវិតរបស់ព្រះអានន្ទដើម្បីព្រះអង្គ ទើបត្រាស់រឿងនេះ មានពាក្យ ផ្តើមថា សិង្គី មិគោ ដូច្នេះជាដើម ។ រឿងអំពីខាងដើម រហូតដល់ការជួលខ្មាន់ធ្នូឲ្យសម្លាប់ព្រះសាស្តា បាន ពោលទុកហើយក្នុង កណ្ឌហាលជាតក ការលែងដំរីធនបាលបានពោលទុក ហើយក្នុងចូឡហំសជាតក ។ សេចក្តីសង្ខេបថា ក្នុងកាលនោះ ភិក្ខុទាំងឡាយតាំងរឿងសន្ទនាគ្នាឡើង ក្នុងធម្មសភាថា ព្រះអានន្ទត្ថេរជាឃ្លាំងធម៌ ជាអ្នកសម្រេចសេក្ខប្បដិបទាកាល ដំរីធនបាលកំពុងរត់មក ក៏បានលះបង់ជីវិតថ្វាយព្រះសម្មាសម្ពុទ្ធ ព្រះសាស្តា យាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នក អង្គុយសន្ទនាគ្នាដោយរឿងអ្វីហ្ន៎ កាលភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គ ដោយរឿងឈ្មោះនេះ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុង កាលឥឡូវប៉ុណ្ណោះទេ សូម្បីក្នុងកាលមុន អានន្ទក៏លះបង់ជីវិតដើម្បីតថាគត ដូចគ្នា ដូច្នេះហើយ ទើបទ្រង់នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ក្នុងទិសសាននៃក្រុងរាជគ្រឹះ មានស្រុកព្រាហ្មណ៍មួយ ឈ្មោះថា ហលិន្ទិយៈ ។ គ្រានោះ ព្រះពោធិសត្វកើតក្នុងត្រកូលកាសិកព្រាហ្មណ៍ ក្នុងស្រុកនោះ ធំចម្រើនវ័យហើយ តាំងទ្រព្យសម្បត្តិទុក ឲ្យមនុស្សធ្វើកសិកម្មប្រមាណ ៨ ម៉ឺន ក្នុងស្រែមគធៈមួយកន្លែង ក្នុងទិសសាននៃស្រុកនោះ ។ ថ្ងៃមួយគាត់ ទៅស្រែ មួយអន្លើដោយមនុស្សទាំងឡាយដែលជាបរិវារ ប្រាប់កម្មករទាំងឡាយ ថា ពួកអ្នកទាំងឡាយចូរធ្វើការងារចុះ ហើយចូលទៅកាន់ដងអូរខាង ចុងស្រែ ដើម្បីលុបមុខ ។