មយ្ហកសកុណជាតកទី ៥
( តាបសពោធិសត្វពោលថា ) សត្វស្លាបឈ្មោះ មយ្ញកៈ ហើរទៅតាមញកនិងច្រកភ្នំ ទៅទំដើមលៀបដែលមានផ្លែទុំ យំកន្ទក់កន្ទេញ ថា របស់អញៗដូច្នេះ ។ កាលសត្វមយ្ញកៈនោះ ស្រែកយំការពារយ៉ាងនេះ ពួកសត្វ ទិជជាតិ ក៏មកប្រជុំគ្នា ស៊ីផ្លែលៀបហើយហើរទៅ សត្វនោះ ក៏នៅតែស្រែក យំការពារ ។ ដូចយ៉ាងជនពួកខ្លះក្នុងលោកនេះ ប្រមូលមកនូវទ្រព្យមាន ប្រមាណច្រើន ហើយមិនចាត់ចែងនូវទ្រព្យ ឲ្យសមគួរដល់ចំណែកដើម្បីខ្លួន មិនទំនុកបម្រុងដល់ញាតិទាំងឡាយ ។ បុគ្គលនោះ រមែងមិនបានប្រើប្រាស់នូវគ្រឿងស្លៀកពាក់ និងបាយ មិនបានទ្រទ្រង់នូវកម្រងផ្កា មិនបានលាបនូវគ្រឿងលាប ( ដ៏ល្អទេ ) មិនបានប្រើប្រាស់នូវវត្ថុណាមួយជារបស់ខ្លួនទេ ទាំងមិនបានសង្រ្គោះនូវញាតិ ទាំងឡាយឡើយ ។ កាលបើបុគ្គលនោះ ពោលរៀបរាប់ហួងហែងថា របស់ អញៗ យ៉ាងនេះ ស្រាប់តែពួកព្រះរាជាឬពួកចោរ និងពួកជនអ្នកត្រូវទទួល មត៌កមិនជាទីស្រឡាញ់ នាំយកទ្រព្យនោះទៅ បុគ្គលនោះ ក៏នៅតែនិយាយ រៀបរាប់ ។ ឯអ្នកប្រាជ បាននូវភោគៈហើយ រមែងសង្គ្រោះញាតិទាំងឡាយ អ្នកប្រាជនោះរមែងបាននូវសេចក្តីសរសើរដោយ ការសង្គ្រោះញាតិ នោះ លុះលះលោកនេះទៅហើយ រមែងរីករាយក្នុងឋានសួគ៌ ។