អដ្ឋកថា មយ្ហកសកុណជាតកទី ៥

ក្បាលទី 47 · ទំព័រ 650

[ ២៣០-២៣៥ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ អាគន្តុកសេដ្ឋី ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា សកុណោ មយ្ហកោ នាម ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ត្រង់នគរសាវត្ថី មានសេដ្ឋីម្នាក់ ឈ្មោះអាគន្តុកៈ ជា អ្នកស្តុកស្តម្ភដោយទ្រព្យ តែគាត់មិនបានប្រើភោគទ្រព្យដោយខ្លួនឯងឡើយ និងមិនបានឲ្យអ្នកដទៃ ។ កាលមនុស្សនាំភោជនដែលប្រណីត មានរសឆ្ងាញ់ ផ្សេងៗមកឲ្យ គាត់ក៏មិនបរិភោគភោជននោះ បរិភោគតែចុងអង្ករ មានម្ហូប គឺទឹកជ្រក់ជាគម្រប់ ២ បុណ្ណោះ ។ កាលគេនាំសំពត់ពីដែនកាសី ដែលគេ កួតហើយដោយល្អអប់ឲ្យក្រអូបហើយមកឲ្យ ក៏ឲ្យមនុស្សនាំចេញទៅ ស្លៀក ដណ្តប់សំពត់សាច់រឹងគ្រោតគ្រាត កាលគេនាំរថដែលរំលេចដោយកែវ និង មាស ទឹមដោយសេះមកឲ្យ ក៏ឲ្យនាំរថនោះចេញ ហើយទៅដោយរថតូចដែល ធ្វើដោយឈើធម្មតា កាលគេបាំងឆត្រមាសឲ្យ ក៏ឲ្យគេនាំឆត្រមាសនោះចេញ ទៅ បាំងដោយឆត្រ ដែលធ្វើដោយស្លឹកឈើ ។ មួយជីវិត គាត់មិនបានធ្វើ បុណ្យសូម្បីតែម្តង ក្នុងបុណ្យទាំងឡាយ មានទានជាដើមឡើយ អនិច្ចកម្ម ហើយ ទៅកើតក្នុងរោរុវនរក ។ ព្រះរាជា ទ្រង់ឲ្យជញ្ជូនសម្បត្តិដែលមិនមាន កូនទទួលមត៌ករបស់សេដ្ឋីនោះចូលទៅក្នុងរាជត្រកូលអស់កាល ៧ ថ្ងៃ ។ កាលឲ្យជញ្ជូនសម្បត្តិនោះស្រេចហើយ ព្រះរាជាទ្រង់សោយព្រះក្រយាហារ ព្រឹកហើយ បានយាងទៅព្រះវិហារជេតពន ទ្រង់ថ្វាយបង្គំព្រះសាស្តា ហើយ ប្រថាប់គង់ កាលព្រះសាស្តាត្រាស់ថា ថ្វាយព្រះពរមហាបពិត្រ ទ្រង់មិនយាង មកព្រោះហេតុអ្វី ទើបទូលព្រះសាស្តាថា បពិត្រព្រះអង្គដ៏ចម្រើន សេដ្ឋីឈ្មោះ អាគន្តុកៈក្នុងនគរសាវត្ថី អនិច្ចកម្មហើយ កាលឲ្យមនុស្សជញ្ជូនទ្រព្យ ដែល មិនមានម្ចាស់ របស់សេដ្ឋីនោះមកកាន់ព្រះរាជវាំងនោះ