បព្វជិតវិហេឋកជាតកទី ៦

ក្បាលទី 47 · ទំព័រ 659

( ព្រះរាជាពារាណសីត្រាស់ថា ) អ្នកមានពណ៌ទ្រង់ទ្រាយ ដ៏ល្អ ផ្គងអញ្ជលីនមស្ការ តម្កល់នូវបុគ្គលមានរូបអាក្រក់អំពីខាងមុខ តើបុរស នោះ ប្រសើរជាងអ្នកឬប្រហែលគ្នា អ្នកចូរប្រាប់នូវឈ្មោះនៃអ្នកឯទៀតផង នៃខ្លួនផង ។ ( ព្រះឥន្ទពោលថា ) បពិត្រព្រះរាជា ទេវតាទាំងឡាយមិន កាន់យកនូវនាមនិងគោត្តព្រះខីណាស្រព អ្នកដល់នូវការស្ងប់ ទាំងប្រព្រឹត្ត តាមផ្លូវត្រង់ ប៉ុន្តែខ្ញុំនឹងសូមប្រាប់ឈ្មោះ ( ខ្លួនខ្ញុំ ) ដល់ព្រះអង្គ ខ្ញុំជាសក្កៈ ជាធំជាងទេវតាជាន់តាវត្តិង្ស ។ ( ព្រះរាជាសួរថា ) បុគ្គលណា ឃើញនូវភិក្ខុអ្នកបរិបូណ៌ ដោយចរណៈ ហើយផ្គងអញ្ជលីនមស្ការ តម្កល់ទុកក្នុងខាងមុខ បពិត្រទេវរាជ ខ្ញុំសូមសួរនូវដំណើរនុ៎ះ ចំពោះព្រះអង្គ បុគ្គលនោះ លុះច្យុតចាកលោក នេះទៅ រមែងបានសេចក្តីសុខដូចម្តេច ។ ( ព្រះឥន្ទឆ្លើយថា ) បុគ្គលណា ឃើញនូវភិក្ខុដែលបរិបូណ៌ ដោយចរណៈ ហើយផ្គងអញ្ជលីនមស្ការ តម្កល់ទុកក្នុងខាងមុខ បុគ្គលនោះ រមែងបាននូវសេចក្តីសរសើរក្នុងបច្ចុប្បន្ន លុះបុគ្គលនោះបែកធ្លាយសរីរកាយ រមែងទៅកាន់ឋានសួគ៌ ។ ( ព្រះរាជាត្រាស់ថា ) ឱហ្ន៎ សិរីរបស់អញកើតឡើងក្នុងថ្ងៃ នេះ ព្រោះអញបានឃើញនូវវាសវៈ ជាម្ចាស់នៃភូត បពិត្រសក្កៈ ខ្ញុំនឹងធ្វើ នូវបុណ្យជាច្រើន ព្រោះបានឃើញនូវភិក្ខុផង ព្រះអង្គផង ។ ( ព្រះឥន្ទពោលថា ) បុគ្គលណាប្រកបដោយបញ្ញា ជាពហុស្សូត អាចគិតឃើញនូវហេតុជាច្រើន ( ព្រះអង្គ ) គប្បីសេពគប់ ( បុគ្គល នោះ ) ដោយពិត បពិត្រព្រះរាជា ព្រោះព្រះអង្គបានឃើញភិក្ខុនិងខ្ញុំ សូមធ្វើ បុណ្យជាច្រើនចុះ ។