អដ្ឋកថា ឧបសិង្ឃបុប្ផជាតកទី ៧

ក្បាលទី 47 · ទំព័រ 669

[ ២៤៣-២៤៩ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុមួយរូប ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា យមេតំ ដូច្នេះជាដើម ។ បានឮថា ភិក្ខុរូបនោះ កាលចេញអំពីព្រះវិហារជេតពនទៅ អាស្រ័យ នៅក្នុងព្រៃមួយកន្លែង ក្នុងកោសលរដ្ឋ ។ ថ្ងៃមួយ ចុះកាន់ស្រះឈូក ឃើញ ផ្កាឈូករីកល្អ ទើបឈរហិតផ្កាក្នុងទីក្រោមខ្យល់ ។ លំដាប់នោះ ទេវតាដែល អាស្រ័យនៅក្នុងដងព្រៃនោះ ឃើញភិក្ខុនោះ ក៏សង្វេគ ពោលថា បពិត្រ លោកម្ចាស់អ្នកនិទ៌ុក្ខ លោកម្ចាស់ឈ្មោះថាជាអ្នកលួចក្លិន នេះជាអង្គប្រកប មួយនៃការលួចរបស់លោក ។ ភិក្ខុនោះ កាលទេវតានោះធ្វើឲ្យសង្វេគហើយ ទើបមកកាន់វត្តជេតពន ថ្វាយបង្គំព្រះសាស្តា ហើយអង្គុយនាចំណែកម្ខាង ត្រូវព្រះសាស្តាត្រាស់សួរថា ម្នាលភិក្ខុ អ្នកនៅក្នុងទីណា ភិក្ខុនោះក្រាបទូល ថា នៅត្រង់ដងព្រៃឈ្មោះនោះ ទេវតាត្រង់ដងព្រៃនោះឯង ឲ្យខ្ញុំព្រះអង្គសង្វេគ យ៉ាងនេះ ។ កាលនោះ ព្រះសាស្តាត្រាស់នឹងភិក្ខុនោះថា ម្នាលភិក្ខុ មិនមែន តែអ្នកបុណ្ណោះ ដែលហិតក្លិនផ្កា ត្រូវទេវតាធ្វើឲ្យសង្វេគ សូម្បីបណ្ឌិតក្នុង កាលមុន ទេវតាក៏ធ្លាប់ធ្វើឲ្យសង្វេគមកហើយដូចគ្នា កាលភិក្ខុនោះអារាធនា ហើយ ទើបទ្រង់នាំយករឿងក្នុងអតីត មកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណ សី ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ ត្រង់ស្រុកមួយ ក្នុងដែនកាសី ធំចម្រើនវ័យហើយ រៀនសិប្បៈក្នុងនគរតក្កសិលា តមក បានបួសជាឥសី ចូលទៅអាស្រ័យស្រះឈូកមួយ ។