វិឃាសាទជាតកទី ៨

ក្បាលទី 47 · ទំព័រ 674

( ព្រះឥន្ទ្រក្លែងខ្លួនជាសេកនិយាយថា ) ពួកជនណា ជាអ្នក ស៊ីវត្ថុសល់ដែល ជននោះ រមែងរស់នៅជាសុខស្រួល សេចក្តីសរសើរក្នុង បច្ចុប្បន្ននិងសុគតិក្នុងបរលោក រមែងមាន ។ ( ឥសីមួយរូបពោលថា ) អ្នកទាំងឡាយជាបណ្ឌិត ចូរកុំ ផ្ទៀងស្តាប់ ( នូវសម្តី ) របស់សេកនិយាយ ម្នាលអ្នកមានពោះដ៏ស្មើទាំងឡាយ ពួកអ្នកចូរស្តាប់ពាក្យខ្ញុំនេះវិញ សេកនេះបញ្ជោរនូវពួកយើងទេ ។ ( សេកនិយាយថា ) ខ្ញុំមិនបញ្ជោរលោកទាំងឡាយទេ បពិត្រលោកអ្នកបរិភោគនូវសាកសព លោកទាំងឡាយចូរស្តាប់ខ្ញុំ លោក ទាំងឡាយ ជាអ្នកបរិភោគនូវភោជនសល់ លោកទាំងឡាយមិនមែនជាអ្នក បរិភោគនូវវត្ថុសល់ដែលទេ ។ ( ពួកឥសីនិយាយថា ) យើងទាំងឡាយបួសបានវស្សា ៧ ហើយ ជាអ្នកមានកំបោយសក់ នៅក្នុងកណ្តាលព្រៃ ញ៉ាំងអត្តភាពឲ្យប្រព្រឹត្ត ទៅ ដោយវត្ថុដ៏សល់ប៉ុណ្ណោះ បើពួកយើងត្រូវអ្នកដ៏ចម្រើនតិះដៀលហើយ តើពួកជនណា គួរជាទីសរសើររបស់លោកដ៏ចម្រើន ។ ( សេកពោធិសត្វពោលថា ) លោកទាំងឡាយ បរិភោគនូវ ភោជនសល់របស់សត្វសាហាវ គឺសីហៈនិងខ្លា ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយរបស់សល់ ទើបគេសម្គាល់ថាជាអ្នកបរិភោគរបស់សល់ដែល ។ ពួកជនណាឲ្យដល់ព្រាហ្មណ៍ សមណៈ និងអ្នកសូមឯទៀត ហើយទើបបរិភោគនូវភោជនដ៏សេសសល់ ពួកជននោះហៅថាជាអ្នកបរិភោគ នូវវត្ថុសល់ដែល ។