អដ្ឋកថា វដ្តកជាតកទី ៩
[ ២៥៦-២៦១ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុឡេះឡោះមួយរូប ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា បណីតំ ដូច្នេះ ជាដើម ។ ព្រះសាស្តាត្រាស់សួរថា បានឮថា អ្នកជាបុគ្គលឡេះឡោះពិតឬ កាល ភិក្ខុនោះក្រាបទូលថា ពិតហើយព្រះអង្គ ទើបត្រាស់ថា ម្នាលភិក្ខុ មិនមែន តែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុន អ្នកក៏ជាបុគ្គលឡេះឡោះ ដូចគ្នា ព្រោះភាពជាអ្នកឡេះឡោះនោះឯង អ្នកមិនឆ្អែតក្នុងសាកសពដំរីសាកសព គោ សាកសពសេះ និងសាកសពមនុស្សទាំងឡាយក្នុងនគរពារាណសី ទើបចូលទៅកាន់ព្រៃដោយគិតថា អញនឹងបានក្រៃលែងឡើងៗ ដូច្នេះហើយ ទើបទ្រង់នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណ សី ព្រះពោធិសត្វកើតក្នុងកំណើតចាប មានស្មៅ និងធញ្ញជាតិដែលគ្រោត គ្រាតជាអាហារ អាស្រ័យនៅក្នុងព្រៃ ។ កាលនោះក្នុងក្រុងពារាណសី មាន ក្អែកឡេះឡោះមួយ មិនឆ្អែតដោយសាកសព មានសពដំរីជាដើមគិតថា អញ នឹងបានទទួលអាហារច្រើនក្រៃលែងជាងនេះទើបចូលទៅកាន់ព្រៃ ស៊ីផ្លែឈើ តូចធំ ឃើញព្រះពោធិសត្វ គិតថា ចាបនេះ មានរាងកាយធាត់ពន់ពេក ប្រហែលជាស៊ីចំណីឆ្ងាញ់ អញនឹងសួរដល់ចំណីរបស់ចាបនេះ ស៊ីចំណីនោះ ហើយ នឹងបានធាត់ ទំត្រង់មែកឈើខាងលើព្រះពោធិសត្វ ហើយសួរព្រះ ពោធិសត្វថា នែចាបដ៏ចម្រើន អ្នកស៊ីអាហារប្រណីតឬ ទើបមានរាងកាយ ធាត់ ព្រះពោធិសត្វត្រូវក្អែកឡេះឡោះសួរ កាលធ្វើបដិសណ្ឋារៈជាមួយក្អែក នោះ ទើបពោលគាថាទី ១ ថា បពិត្រពុកធំ លោកបរិភោគនូវបាយ ទឹកដោះរាវ និងប្រេង ដ៏ប្រណីត បពិត្រក្អែក កាលបើដូច្នេះ ហេតុអ្វីបានជាអ្នកស្គាំង ស្គមម្លេះ ដូច្នេះ ។