អដ្ឋកថា កក្កុជាតកទី ១
[ ២៦៨-២៧៤ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ រាជោវាទ ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា ទិយឌ្ឍកុក្កុ ដូច្នេះជាដើម ។ រឿងក្នុងបច្ចុប្បន្ន មានជាក់ច្បាស់ក្នុងតេសកុណជាតក ( ចត្តាឡីសនិបាត ) ។ ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតជាអាមាត្យ ជាអ្នកថ្វាយអត្ថនិងធម៌ ដល់ព្រះរាជាអង្គនោះ ព្រះរាជាទ្រង់តាំងនៅក្នុងអំណាចអគតិ ទ្រង់គ្រងរាជ្យមិនប្រកបដោយធម៌ ទារ ពន្ធដារក្នុងជនបទ យកទ្រព្យតែម្យ៉ាង ។ ព្រះពោធិសត្វបំណងនឹងថ្វាយព្រះ ឱវាទដល់ព្រះរាជា ពិចាណារកឧបាយឯណានីមួយ ។ ម្យ៉ាងទៀត ក្នុងព្រះរាជ ឧទ្យាន មានព្រះដំណាក់ជាទីប្រថាប់បណ្តោះអាសន្ន ប្រក់មិនទាន់សម្រេច គ្រាន់តែលើកជហ្វាឡើង ហើយយកបង្កង់តម្រៀប ។ ព្រះរាជាយាងទៅកាន់ ព្រះរាជឧទ្យាន ដើម្បីក្រសាលកីឡា ទ្រង់យាងទៅគ្រប់កន្លែង ក្នុងព្រះរាជ ឧទ្យាននោះ ហើយយាងចូលព្រះដំណាក់នោះ កាលទតឃើញកំពូលជហ្វា ទើបយាងចេញមកប្រថាប់ខាងក្រៅ ព្រោះទ្រង់ខ្លាចធ្លាក់លើទ្រង់ ហើយទ្រង់ ពិនិត្យមើលទៀត ទ្រង់ព្រះតម្រិះថា ជហ្វាតាំងនៅបាន ព្រោះអាស្រ័យអ្វីហ្ន៎ បង្កង់តាំងនៅបាន ព្រោះអាស្រ័យអ្វីហ្ន៎ កាលត្រាស់សួរព្រះពោធិសត្វ ទើប ពោលគាថាទី ១ ថា កំពូល ( ជហ្វា ) មួយហត្ថកន្លះ រង្វង់ជុំវិញកំពូលនោះ ៨ ចំអាម កំពូលនោះជាឈើធ្នង់ខ្លឹមសុទ្ធឥតមានស្រាយ ឋិតនៅលើ អ្វីហ្ន៎ បានជាមិនជ្រុះអំពីខាងលើមក ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា ទិយឌ្ឍកុក្កុ បានដល់ មួយហត្ថកន្លះ ។ បទថា ឧទយេន បានដល់ ដោយចំណែកកម្ពស់ ។