អដ្ឋកថា មនោជជាតកទី ២
[ ២៧៥-២៨១ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធ ភិក្ខុសេពគប់ខុស ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា យថា ចាបេ និន្នមតិ ដូច្នេះជាដើម ។ សេចក្តីពិស្តារមានក្នុងមហិឡាមុខជាតកខាងដើម ។ តែក្នុងកាលនោះព្រះសាស្តា ត្រាស់ថា មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុន ភិក្ខុនោះ ក៏ជាអ្នកសេពគប់ខុសដូចគ្នា ហើយទ្រង់នាំយករឿងក្នុងអតីត មក សាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វយោនយកកំណើតជាសីហៈ អាស្រ័យនៅជាមួយសីហៈញី បាន កូន ២ គឺ កូនឈ្មោល ១ កូនញី ១ កូនឈ្មោលឈ្មោះថា មនោជៈ ។ កូនរាជសីហ៍នោះធំហើយ ទទួលយកកូនសីហៈមួយទៀតមកជាភរិយា ។ តាំង អំពីនោះ ទើបសីហៈទាំងនោះមានសមាជិក ៥ រូប ។ សីហមនោជៈ បាន សម្លាប់ក្របីជាដើមក្នុងព្រៃ នាំសាច់មកចិញ្ចឹមមេបា ប្អូនស្រី និងប្រពន្ធ ។ ថ្ងៃមួយ រាជសីហ៍ឃើញចចកមួយ ឈ្មោះគិរិយៈ ត្រង់ទីកន្លែងរកចំណីដែល គេចមិនទាន់ បានក្រាបចុះ ទើបសីហៈសួរថា មានរឿងអ្វីសម្លាញ់ កាលចចក ប្រាប់ថា បពិត្រលោកម្ចាស់ ខ្ញុំបំណងនឹងប្រណិប័តន៍លោកម្ចាស់ ទើបរាជសីហ៍ ទទួល ហើយនាំមកកាន់គុហាដែលជាលំនៅរបស់ខ្លួន ព្រះពោធិសត្វ ឃើញព្រឹត្តិការណ៍នោះហើយឃាត់ថា នែបាមនោជៈ ធម្មតាចចកទាំងឡាយ ជាសត្វទ្រុស្តសីល មានបាបធម៌ ប្រកបវត្ថុដែលមិនមែនជាកិច្ច ឯងកុំយក ចចកនោះទុកក្នុងសម្នាក់របស់ខ្លួនដូច្នោះឡើយ ក៏មិនអាចឃាត់បាន ។