អដ្ឋកថា កបិជាតកទី ៩
[ ៣២៧-៣៣២ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ រឿងផែនដីស្រូបទេវទត្តហើយ ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា យត្ថ វេរី និវសតិ ដូច្នេះជាដើម ។ មានរឿងពោលដោយសង្ខេបថា កាលទេវទត្តចូលទៅកាន់ផែនដីហើយ ភិក្ខុទាំងឡាយ តាំងរឿងឡើងសន្ទនាគ្នាក្នុងធម្មសភាថា ទេវទត្តវិនាសហើយ មួយអន្លើដោយបរិស័ទ ។ ព្រះសាស្តាយាងមកត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះអ្នកទាំងឡាយអង្គុយសន្ទនាគ្នាដោយរឿងអ្វីហ្ន៎ កាល ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គដោយរឿងឈ្មោះនេះ ទើបត្រាស់ ថា ម្នាលភិក្ខុទាំងឡាយ ទេវទត្ត មួយអន្លើដោយបរិស័ទ មិនមែនវិនាសតែ ក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុន ក៏វិនាសដូចគ្នា ហើយទ្រង់ នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតស្វា មានស្វា ៥០០ ជាបរិវារ អាស្រ័យនៅ ត្រង់ព្រះរាជឧទ្យាន ។ ឯទេវទត្តកើតក្នុងកំណើតស្វា មានស្វា ៥០០ ជាបរិវា រ អាស្រ័យនៅក្នុងព្រះរាជឧទ្យានដូចគ្នា ។ ថ្ងៃមួយ កាលបុរោហិតទៅកាន់ ឧទ្យាន ងូតទឹកតែងខ្លួនហើយចេញទៅ ស្វាឡេះឡោះមួយ ដើរទៅមុន អង្គុយលើសសរខ្លោងទ្វារឧទ្យាន បន្ទោបង់ឧច្ចារៈដាក់ក្បាលបុរោហិត កាល បុរោហិតសម្លឹងមើលខាងលើ ក៏បន្ទោបង់ដាក់មុខទៀត ។ បុរោហិតបែរមក សម្លុតពួកស្វាថា ផើទុកសិនចុះ អញនឹងសងពួកឯង ក្នុងកាលខាងក្រោយ ហើយងូតទឹកជាថ្មីចៀសចេញទៅ ។ ពួកស្វាបានប្រាប់ព្រះពោធិសត្វដល់ការ ដែលបុរោហិតនោះចងពៀរហើយគំរាមពួកស្វា ។ ព្រះពោធិសត្វបានប្រាប់ឲ្យ ស្វាទាំងមួយពាន់ដឹងថា ឈ្មោះថាការនៅក្នុងលំនៅរបស់អ្នកមានពៀរមិនគួរ ហ្វូងស្វាទាំង