អដ្ឋកថា គន្ធារជាតកទី ១

ក្បាលទី 47 · ទំព័រ 799

[ ៣៤១-៣៤៧ ] ព្រះសាស្តា កាលគង់នៅក្នុងវិហារជេតពន ទ្រង់ប្រារព្ធ ភេសជ្ជសន្និធិការសិក្ខាបទ គឺសិក្ខាបទពោលដោយការសន្សំភេសជ្ជៈ ទើប ត្រាស់រឿងនេះ មានពាក្យផ្តើមថា ហិត្វា គាមហស្សានិ ដូច្នេះជាដើម ។ រឿងនេះកើតឡើងហើយក្នុងក្រុងរាជគ្រឹះ សេចក្តីពិស្តារថា កាលព្រះ បិលិន្ទវច្ឆៈទៅកាន់ព្រះរាជវាំង ដើម្បីដោះត្រកូលអ្នករក្សាអារាម ហើយនិម្មិត ប្រាសាទថ្វាយព្រះរាជាដោយកម្លាំងឫទ្ធិ ទើបមនុស្សទាំងឡាយជ្រះថ្លា នាំគ្នា បញ្ជូននូវភេសជ្ជៈ ៥ យ៉ាងទៅប្រគេនព្រះថេរៈ ។ ព្រះថេរៈចែកចាយភេសជ្ជៈ ទាំងនោះដល់បរិស័ទ តែបរិស័ទរបស់លោកមានច្រើន ពួកលោកក៏ទុកដាក់ របស់ដែលបានមកពេញថ្នាំងខ្លះ ឆ្នាំងខ្លះ ស្លោកបាត្រខ្លះ មនុស្សទាំងឡាយ ឃើញ នាំគ្នាពោលទោសថា សមណៈទាំងនេះប្រាថ្នាច្រើន ជាអ្នករក្សាឃ្លាំង ខាងក្នុង ។ ព្រះសាស្តាទ្រង់ស្តាប់ការប្រព្រឹត្តទៅនោះហើយ ទើបទ្រង់បញ្ញត្តិ សិក្ខាបទឡើងថា ភេសជ្ជៈណាមួយដែលពួកភិក្ខុមានជំងឺគប្បីឆាន់បាន … ដូច្នេះ ជាដើម ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បណ្ឌិតក្នុងកាលមុន កាលព្រះពុទ្ធ មិនទាន់កើតឡើង បួសជាបព្វជិត ក្នុងលទ្ធិខាងក្រៅ សូម្បីរក្សាត្រឹមតែ សីល ៥ ក៏មិនសន្សំដុំអំបិលទុកដើម្បីជាប្រយោជន៍ក្នុងថ្ងៃស្អែក អ្នកទាំងឡាយ បួសក្នុងសាសនា ដែលនាំចេញចាកទុក្ខបែបនេះ កាលនាំគ្នាធ្វើការសន្សំនូវ អាហារទុកដើម្បីជាប្រយោជន៍ដល់ថ្ងៃទី ២ ថ្ងៃទី ៣ ឈ្មោះថា ធ្វើវត្ថុដែល មិនសមគួរហើយ ទ្រង់នាំរឿងក្នុងអតីតមកសាធកៈដូចតទៅនេះថា