អដ្ឋកថា មហាកបិជាតកទី ២
[ ៣៤៨-៣៥៤ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ញាតត្ថចរិយា គឺការបំពេញប្រយោជន៍ដើម្បីញាតិ ទើបត្រាស់រឿងនេះ មាន ពាក្យផ្តើមថា អត្តានំ សង្កមំ កត្វា ដូច្នេះជាដើម ។ រឿងមានជាក់ច្បាស់ក្នុងភទ្ទសាលជាតក ។ ក្នុងកាលនោះ ភិក្ខុទាំងឡាយ តាំងរឿងសន្ទនាគ្នាឡើងក្នុងធម្មសភាថា អាវុសោទាំងឡាយ ព្រះសាស្តាទ្រង់បំពេញញាតត្ថចរិយា ។ ព្រះសាស្តាយាង មកត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយ សន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយទូលថា បពិត្រព្រះអង្គ ដោយ រឿងឈ្មោះនេះ ដូច្នេះហើយទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនចំពោះ តែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុន តថាគតក៏បំពេញញាតត្ថចរិយាដូចគ្នា ហើយទ្រង់បាននាំយករឿងក្នុងអតីតមក សាធកៈដូចតទៅនេះ ថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វ កើតក្នុងកំណើតស្វា ចម្រើនវ័យហើយ ដល់ព្រមដោយទំហំ និងកម្ពស់ មានកម្លាំងច្រើនស្មើនឹងដំរី ៥ មានហ្វូងស្វា ៨ ម៉ឺនជាបរិវារ អាស្រ័យនៅនាផែនដីនៃព្រៃហិមពាន្ត ។ ក្នុងទីនោះ មានដើមអម្ពៈ គឺដើម ស្វាយមានមែកសាខា ធំត្រកាល មានស្លឹកក្រាស់ ម្លប់ល្អ កម្ពស់ស្មើនឹង កំពូលភ្នំ ត្រង់ឆ្នេរស្ទឹងគង្គា ។ អាចារ្យពួកខ្លះពោលថា ដើមជ្រៃក៏មាន ។ ផ្លែរបស់ស្វាយនោះមានរសផ្អែម មានក្លិនក្រអូប ដូចគ្នានឹងរសនិងក្លិននៃផ្លែ ឈើទិព្វ ផ្លែស្វាយនោះមានទំហំធំ ប្រមាណបុនក្អមធំ ។ មែកមួយ ផ្លែរបស់ ស្វាយជ្រុះលើគោក មែកមួយទៀតជ្រុះក្នុងទឹកស្ទឹងគង្គា ។ ឯផ្លែរបស់មែក ២ ជ្រុះក្បែរដើម ។