ទឡ្ហធម្មជាតកទី ៤

ក្បាលទី 47 · ទំព័រ 839

( មេដំរីឈ្មោះឱដ្ឋិព្យាធិបានពោលនឹងអាមាត្យពោធិសត្វថា ) ខ្ញុំកាលនាំទៅ ( នូវកិច្ច ) របស់ព្រះបាទទឡ្ហធម្មៈ នាំទៅនូវសរ ( ដែល គេចង ) ត្រង់ទ្រូងហើយត្រាច់ទៅ ក្នុងទីចម្បាំងដោយសេចក្តីប្រឹងប្រែង ក៏គង់ ញ៉ាំងព្រះអង្គឲ្យសព្វព្រះរាជហបឫទ័យមិនបាន ។ ព្រះរាជាមិនជ្រាបនូវសេចក្តីប្រឹងប្រែងរបស់បុរស ដែលខ្ញុំ បានធ្វើដោយពិត ទាំងការនាំសំបុត្រចុះឡើងក្នុងសង្រ្គាម ក៏ខ្ញុំបានធ្វើល្អហើយ ។ ខ្ញុំនោះជាអ្នកឥតផៅពង្ស ឥតទីពុំនាក់ មុខជានឹងស្លាប់មិន ខាន ព្រោះក្នុងពេលនោះ ព្រះរាជាបានទ្រង់ប្រទានខ្ញុំឲ្យជាអ្នកនាំនូវអាចម៍គោ ដល់ស្មូនឆ្នាំង ។ ( ពោធិសត្វទូលព្រះរាជាថា ) បុរសប្រាថ្នា ( ប្រយោជន៍ ) ដរាបណារមែងគប់រក ( នឹងគេ ) ដរាបនោះ ជនទាំងឡាយរមែងលះបង់ ចោលគេ ក្នុងពេលដែលគេសាបសូន្យចាកសេចក្តីចម្រើនដូចជាក្សត្រ ( លះបង់ ចោល ) នូវមេដំរីឈ្មោះឱដ្ឋិព្យាធិនោះ ។ បុគ្គលណានឹកមិនឃើញនូវអំពើល្អដែលអ្នកដទៃធ្វើហើយ និងប្រយោជន៍ដែលអ្នកដទៃធ្វើហើយ ( ដល់ខ្លួន ) ក្នុងកាលមុន ប្រយោជន៍ ទាំងឡាយដែលបុគ្គលនោះប្រាថ្នា រមែងសាបសូន្យ ។ បុគ្គលណានឹកឃើញនូវអំពើល្អដែលអ្នកដទៃធ្វើហើយ និង ប្រយោជន៍ដែលអ្នកដទៃធ្វើហើយ ( ដល់ខ្លួន ) ក្នុងកាលមុន ប្រយោជន៍ ទាំងឡាយណាដែលបុគ្គលនោះប្រាថ្នាហើយ រមែងចម្រើន ។ ព្រោះហេតុនោះ ខ្ញុំសូមនិយាយនឹងអ្នកទាំងឡាយ សូម សេចក្តីចម្រើន ( កើតមាន ) ដល់អ្នកទាំងឡាយដែលបាន អញ្ជើញមកជួបជុំ ក្នុងទីនេះទាំងអម្បាលមាណ អ្នកទាំងអស់គ្នា ចូរជាអ្នកដឹងនូវឧបការៈដែល អ្នកដទៃបានធ្វើហើយ ( ដល់ខ្លួន ) អ្នកទាំងឡាយនឹងបានឋិតនៅក្នុងឋានសួគ៌ អស់កាលយូរ ។