សោមទត្តជាតកតី៥
( តាបសយំទួញរកដំរីថា ) កាលពីមុនដំរីណា មកអំពី ចម្ងាយទទួលអាត្មាអញក្នុងព្រៃ ( ឥឡូវនេះ ) ដំរីឈ្មោះ សោមទត្តនោះទៅក្នុង ទីណា បានជាបាត់មិនឃើញមក ។ ( តាបសនោះឃើញដំរីនោះដូលស្លាប់ហើយពោលថា ) ដំរី ដេកស្លាប់នេះគឺដំរីនេះឯង ដំរីសោមទត្តដួលដេកលើផែនដី ដូចជាត្រួយជ្រៃ ដែលបុគ្គលក្តិចហើយ ដំរី ( នោះ ) មិនទាន់ស្លាប់ទេហ្ន៎ ។ ( ខណៈនោះសក្កទេវរាជពោលថា ) លោកសោកស្តាយ ដំរីណាដែលស្លាប់បាត់ទៅហើយ ការសោកស្តាយដំរីនោះ មិនសមគួរដល់ លោកដែលចូលមកកាន់ផ្នួសជាសមណៈ មានចិត្តរួចស្រឡះសោះឡើយ ។ ( តាបសពោលថា ) បពិត្រសក្កៈ សេចក្តីស្រឡាញ់រមែង កើតក្នុងហបឫទ័យរបស់មនុស្សក្តី ម្រឹគក្តី ដោយសារធ្លាប់នៅជាមួយគ្នា អាត្មា មិនអាចមិនសោកស្តាយដំរីនោះបានឡើយ ។ ( សក្កទេវរាជពោលថា ) សត្វទាំងឡាយណាយំទួញរៀបរាប់ សត្វទាំងឡាយនោះតែងយំរកសត្វដែលស្លាប់បាត់ទៅហើយ ឬក៏សត្វ ដែលបម្រុងនឹងស្លាប់ នែឥសីព្រោះហេតុនោះ លោកកុំយំឡើយពួកសប្បុរស ពោលថាការយំជាធម្មជាតឥតអំពើទេ ។ បពិត្រព្រហ្ម ប្រសិនបើបុគ្គលដែលស្លាប់ទៅកាន់បរលោក ហើយគប្បីរស់ឡើងវិញដោយការយំទួញ ពួកយើងទាំងអស់ក៏គួរប្រជុំគ្នាយំ រកពួកញាតិនៃគ្នានឹងគ្នាដែរ ។ ( តាបសពោលថា ) អ្នកបានស្រោចខ្ញុំដែលត្រូវភ្លើងគឺ សេចក្តីសោកកំពុងឆេះសព្វ ឲ្យត្រជាក់ត្រជុំ រំលត់នូវក្រវល់ក្រវាយទាំងអស់ បាន ដូចជាបុគ្គលយកទឹកស្រោចលត់នូវភ្លើង ដែលកំពុងឆេះនូវឆ្នាំងខ្លាញ់ ។ អ្នកបានបន្ទោបង់សេចក្តីសោក ព្រោះកូនរបស់ខ្ញុំដែលត្រូវសេចក្តីសោកកំពុង គ្របសង្កត់ ឈ្មោះថាបានដកចោលនូវសរ គឺសេចក្តីសោកដែលអាស្រ័យ នៅក្នុងហ្ឫទ័យនៃខ្ញុំបាន ។