អដ្ឋកថា សោមទត្តជាតកតី៥

ក្បាលទី 47 · ទំព័រ 851

[ ៣៧០-៣៧៦ ] ព្រះសាស្តា កាលគង់នៅក្នុងវិហារជេតពន ទ្រង់ប្រារព្ធ ព្រះថេរៈចាស់មួយរូប ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា យោ មំ បុរេ បច្ចុទេតិ ដូច្នេះជាដើម ។ បានឮថា ព្រះថេរៈចាស់នោះ បំបួសសាមណេរមួយរូប សាមណេរនោះ ជាអ្នកឧបដ្ឋាកលោក បានអនិច្ចធម្មដោយរោគឯណានីមួយ ។ កាលសាមណេរ នោះអនិច្ចធម្ម ព្រះថេរៈចាស់យំរៀបរាប់ ដោយប្រការផ្សេងៗ ។ ភិក្ខុ ទាំងឡាយឃើញលោកហើយ តាំងរឿងឡើងសន្ទនាក្នុងធម្មសភាថា អាវុសោ ព្រះថេរៈចាស់រូបនោះ ដើរយំរៀបរាប់ផ្សេងៗ ព្រោះមរណៈភាពនៃសាមណេរ លោកប្រហែលជាវៀរកម្មដ្ឋានគឺមរណានុស្សតិ ។ ព្រះសាស្តាយាងមកត្រាស់ សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយ រឿងអ្វី កាលភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គ ដោយរឿងឈ្មោះ នេះហើយទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនចំពោះតែក្នុងកាលឥឡូវនេះ ទេ សូម្បីក្នុងកាលមុន កាលសាមណេរមរណៈហើយ ភិក្ខុចាស់នេះ ក៏យំ ដូចគ្នា កាលភិក្ខុទាំងឡាយអារាធនា ទើបទ្រង់នាំយករឿងក្នុងអតីតមកសាធកៈ ដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅនគរពារាណសី ព្រះពោធិសត្វសោយព្រះជាតិជាសក្កទេវរាជ ។ កាលនោះ ព្រាហ្មណមហាសាលអ្នកកាសីនិគមម្នាក់ លះបង់កាមទាំងឡាយ ចេញទៅកាន់ព្រៃហិមពាន្ត បួសជាឥសី មានមើមឈើនិងផ្លែឈើក្នុងព្រៃជាអាហារ នៅដោយការប្រព្រឹត្ត ដោយការស្វែងរក ។ ថ្ងៃមួយ លោកទៅរកផ្លែឈើតូចធំ ឃើញកូនដំរីមួយ ទើបនាំមកកាន់អាស្រមរបស់ខ្លួន ឲ្យតាំងនៅក្នុងឋានៈជាកូន ដាក់ឈ្មោះថា សោមទត្ត ចិញ្ចឹមឲ្យស៊ីស្មៅនិងស្លឹកឈើ ធំចម្រើនឡើង មានរាងកាយធំ សម្បើម ។