សុសីមជាតកទី ៦

ក្បាលទី 47 · ទំព័រ 857

( ព្រះរាជាពោធិសត្វពោលថា ) ម្នាលសុសីមៈ កាលពី ដើមសក់ទាំងឡាយខ្មៅដុះលើក្បាលជាប្រទេសដ៏សមគួរ ថ្ងៃនេះ អ្នកឃើញ សក់ទាំងនោះសហើយ ចូរប្រព្រឹត្តធម៌ចុះ ( ព្រោះកាលនេះ ) ជាកាលគួរ ដល់ព្រហ្មចរិយធម៌ហើយ ។ ( អគ្គមហេសីពោលថា ) បពិត្រព្រះសម្មតិទេព សក់ស្កូវ របស់ខ្ញុំ មិនមែនរបស់ព្រះអង្គទេ ស្កូវក្បាលរបស់ខ្ញុំ ស្កូវត្បូងរបស់ខ្ញុំទេតើ បពិត្រព្រះរាជសេដ្ឋៈ ខ្ញុំនិយាយកុហកទេ ដោយបំណងថា អាត្មាអញនឹងធ្វើ នូវសេចក្តីចម្រើន ( ដល់ខ្លួន ) សូមព្រះអង្គទ្រង់ព្រះមេត្តាប្រោសអភ័យទោស កំហុសម្តង ( ដល់ខ្ញុំ ) ។ បពិត្រព្រះរាជា ព្រះអង្គនៅក្មេងឋិតនៅក្នុងបឋមវ័យនៅឡើយ មុខគួរឲ្យអ្នកផងពិតពិលរមិលមើល ដូចជាទំពាំង ( ខ្ចីមានសម្បុរ ដ៏ស្និទ្ធ ) សូមទ្រង់សោយរាជ្យផង សូមទ្រង់ទតខ្ញុំព្រះអង្គផង បពិត្រព្រះ ជនិន្ទៈ សូមព្រះអង្គកុំស្ទុះទៅតាមកាលិកៈឡើយ ។ ( ពោធិសត្វពោលថា ) យើងឃើញកុមារីក្រមុំ មានសម្បុរស ្បែកដ៏ផូរផង់ក្នុងខាងទាំងអស់ មានដងខ្លួនសមរម្យ ត្រង់ពាក់កណ្តាលខ្លួន សណ្ឋិតដោយល្អ ( កុមារីនោះ ) ធ្វើដំណើរញែងញ៉ងដូចជាវល្លប្រេងមាន ស្លឹកខ្ចី ( ដែលទន់ល្វន់ ) ហើយប្រលោមពួកបុរស ។ លុះដល់សម័យខាងក្រោយមក យើងឃើញនារីនុ៎ះកើតបាន ៨០ ឆ្នាំ ឬ ៩០ ឆ្នាំអំពីកំណើត កាន់ឈើច្រត់ញ័រទទ្រើតត្រាច់ទៅកោងៗដូច ជាបង្កង់ផ្ទះ ។ យើងនោះត្រិះរិះឃើញនូវសេចក្តីរីករាយនិងទោសរបស់រូប នោះដេកម្នាក់ឯង ពាក់កណ្តាលនៃដំណេក ក៏ត្រិះរិះឃើញថា អាត្មាអញមុខ ជាយ៉ាងនោះដែរដូច្នេះហើយក៏លែងរីករាយក្នុងផ្ទះ ( កាលនេះ ) ជាកាលគួរ នៃព្រហ្មចរិយៈ ។