អដ្ឋកថា កោដសិម្ពលិជាតកទី ៧

ក្បាលទី 47 · ទំព័រ 871

[ ៣៨៤-៣៩០ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ការសង្កត់កិលេស ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា អហំ ទសសត ព្យាមំ ដូច្នេះជាដើម ។ រឿងមានច្បាស់ក្នុងបានីយជាតក ។ តែក្នុងទីនេះ ព្រះសាស្តាទ្រង់ឃើញភិក្ខុទាំងឡាយប្រមាណ ៥០០ រូប ត្រូវកាមវិតក្កគ្របសង្កត់ ក្នុងកោដិសន្ថារៈ ទើបទ្រង់ឲ្យប្រជុំសង្ឃ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឈ្មោះថា វត្ថុដែលគួររង្កៀស ក៏គួររង្កៀស ឈ្មោះថា កិលេសទាំងឡាយ កាលចម្រើនឡើង ក៏រមែងបំផ្លាញខ្លួន ដូចដើមជ្រៃជាដើម ក្នុងព្រៃ កាលចម្រើនធំធាត់ឡើង ក៏កាច់បំបាក់នូវដើមឈើចាស់ ដូច្នោះ ដោយហេតុនោះក្នុងកាលមុន ទេវតាដែលកើតត្រង់កោដសិម្ពលិ ឃើញបក្សី មួយស៊ីផ្លែនិគ្រោធបន្ទោបង់ឧច្ចារៈដាក់មែកឈើរបស់ខ្លួន បានជួបនូវភ័យថា បន្តពីនេះទៅវិមានរបស់យើងនឹងដល់នូវការវិនាស ដូច្នេះ ។ ហើយទ្រង់បាន នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកាន់យកកំណើតជារុក្ខទេវតា ត្រង់កោដសិម្ពលិ ។ ក្រោយមក ស្តេចគ្រុឌមួយមានអត្តភាព ១៥០ យោជន៍ ទទះស្លាបបំបែកទឹកមហាសមុទ្ទ ចេញជា ២ ចំណែក ហើយចាប់យកនាគមួយនៅបាតសមុទ្ទ ដែលមាន ប្រវែង ១០០០ ព្យាម ប្រើចំពុះពាំហើរទៅរំលងព្រៃ ឆ្ពោះទៅកាន់កោដ សិម្ពលិ ។ នាគរាជ កាលសំយុងក្បាលចុះ គិតថា អញនឹងដោះខ្លួនឲ្យផុត ទើបសករង្វេលត្រង់ដើមជ្រៃមួយ រុំដើមជ្រៃនោះទុក ដើមជ្រៃក៏សណ្តកឡើង ព្រោះកម្លាំងស្តេចគ្រុឌនិងស្តេចនាគ ។ ស្តេចនាគក៏មិនលែងដើមឈើឡើយ គ្រុឌឆាបយកនាគព្រមទាំងដើមនិគ្រោធទៅដល់កោដសិម្ពលិ ហើយដាក់នាគ លើដើមរកាចឹកពោះ បរិភោគខ្លាញ់របស់ស្តេចនាគ ហើយចោលសាកសព ដ៏សេសទៅ