អដ្ឋកថា ចុល្លកាលិង្គជាតកទី ១
[ ៥០២-៥០៥ ] ព្រះសាស្តា កាលគង់នៅក្នុងវិហារជេតពន ទ្រង់ ប្រារព្ធបព្វជ្ជារបស់បរិព្វាជិកា ៤ នាក់ ទើបត្រាស់ព្រះធម្មទេសនានេះ មាន ពាក្យផ្តើមថា វិវរថ ឥមាសំ ទ្វារំ ដូច្នេះជាដើម ។ បានឮថា ក្នុងនគរវេសាលី មានស្តេចលិច្ឆវី ៧៧០៧ អង្គ ប្រថាប់នៅ ។ ក្សត្រលិច្ឆវីទាំងនោះ បានជាអ្នកមានព្រះតម្រិះក្នុងការសួរនិងការដេញដោល កាលនោះនិគ្រន្ថឆ្លាតវៃក្នុងវាទៈ ៥០០ វាទៈ មកដល់នគរវេសាលី ស្តេច លិច្ឆវីទាំងនោះ ទ្រង់បានធ្វើការសង្គ្រោះនិគ្រន្ថនោះ ។ មាននិគ្រន្ថស្រី ជាអ្នកឈ្លាស វៃបែបនោះម្នាក់ទៀត ក៏មកដល់នគរវេសាលី ទើបក្សត្រទាំងឡាយ ឲ្យជនទាំងពីរលើកវាទៈដល់គ្នានឹងគ្នា ។ ជនទាំងពីរសុទ្ធតែជាអ្នកឈ្លាសវៃ ដូចគ្នា ។ លំដាប់នោះ ស្តេចលិច្ឆវីទាំងឡាយមានព្រះតម្រិះថា កូនដែលកើតឡើង ព្រោះអាស្រ័យជនទាំងពីរនេះ នឹងបានជាអ្នកឈ្លាសវៃក្រៃលែង ទើប ធ្វើវិវាហមង្គលដល់ជនទាំងពីរនោះ ហើយឲ្យជនទាំងពីរនៅរួមគ្នា ។ សម័យ តមក ព្រោះអាស្រ័យការនៅរួមគ្នា របស់និគ្រន្ថទាំងពីរនោះ ទើបកើតបាន ទារិកា ៤ នាក់ និងទារក ១ នាក់ដោយលំដាប់ ។ មាតាបិតាបានដាក់ ឈ្មោះទារិកាទាំង ៤ នាក់ថា សច្ចា ១ លោលា ១ អវធារិកា ១ បដិច្ឆទា ១ ហើយដាក់ ឈ្មោះទារកថា សច្ចកៈ ។ ជនទាំង ៥ នោះដឹងក្តីហើយ នាំគ្នារៀនវាទៈទាំង ១ ពាន់ គឺរៀនអំពីមាតា ៥០០ អំពីបិតា ៥០០ មាតាបិតា បានឲ្យឱវាទដល់ទារិកាទាំង ៤ យ៉ាងនេះថា បើអ្នកណាទម្លាយវាទៈ របស់ពួកនាងបាន បើជាគ្រហស្ថ នាងគប្បីជាបាទបរិចារិការបស់បុរសនោះ បើជាបព្វជិតទម្លាយបាន ក៏គួរបួសក្នុងសម្នាក់របស់បព្វជិតនោះ ។