មហាអស្សារោហជាតកទី ២

ក្បាលទី 47 · ទំព័រ 16

( ព្រះរាជាពោធិសត្វត្រាស់ថា ) បុគ្គលណា កាលឲ្យចំពោះ ជនទាំងឡាយ ដែលមិនដែលឲ្យ ( ដល់ខ្លួន ) មិនឲ្យចំពោះជនទាំងឡាយ ដែលធ្លាប់ឲ្យ បុគ្គលនោះបានដល់នូវសេចក្តីវិនាស មិនបាននូវមិត្តសំឡាញ់ ក្នុងគ្រាមានសេចក្តីអន្តរាយទាំងឡាយ ។ បុគ្គលណា មិនឲ្យទានចំពោះជនទាំងឡាយដែលមិនដែលឲ្យបាន ឲ្យចំពោះជនទាំងឡាយដែលឲ្យ បុគ្គលនោះក៏ដល់នូវសេចក្តីវិនាស មិន បាននូវសំឡាញ់ក្នុងកាលមានសេចក្តីអន្តរាយទាំងឡាយ ។ ការសម្តែងនូវសេចក្តីស្និទ្ធស្នាលនិងការបរិភោគរួមឲ្យវិសេស ក្នុងពួកជនអ្នកមានធម៌មិនប្រសើរ ជាអ្នកអួតអាង ក៏រមែងវិនាស ម្យ៉ាងទៀត សូម្បីទានបន្តិចបន្តួចដែលបុគ្គលធ្វើហើយចំពោះពួកព្រះអរិយផង ចំពោះពួក បុគ្គលអ្នកមានចិត្តស្លូតត្រង់ផង ជាទានមានផលច្រើន ។ បុគ្គលណា បានធ្វើឧបការៈដ៏ល្អទុកហើយក្នុងកាលមុនបុគ្គល នេះឈ្មោះថា បានធ្វើអំពើដែលគេធ្វើបានដោយក្រក្រៃពេកក្នុងលោក លុះដល់ កាលជាខាងក្រោយ បុគ្គលនោះធ្វើ ( គុណនីមួយដទៃទៀតក្តី ) មិនធ្វើក្តី ក៏ឈ្មោះថាជាបុគ្គលគួរដល់កិរិយាបូជាដោយពិត ។