ឯករាជជាតកទី ៣

ក្បាលទី 47 · ទំព័រ 26

( ព្រះបាទទុព្វិសេនទ្រង់ត្រាស់ថា ) បពិត្រព្រះអង្គជាឯករាជ កាលពីដើម ព្រះអង្គនៅសោយកាមគុណទាំងឡាយជារបស់ស្តុកស្តម្ភ រកអ្វី ប្រសើរជាងគ្មាន ឥឡូវនេះ ព្រះអង្គនោះ គេបោះទៅក្នុងរណ្តៅក្រហេងក្រហូង ហើយ នៅតែមិនលះបង់នូវពណ៌សម្បុរនិងកម្លាំងពីដើម ។ ( ព្រះបាទពារាណសីពោលថា ) បពិត្រព្រះបាទទុព្វិសេន សេចក្តីអត់ធន់ក្តី សេចក្តីប្រព្រឹត្តតបៈក្តី ខ្ញុំមានបំណងទុកហើយពីមុន បពិត្រ មហារាជ ឥឡូវនេះ ខ្ញុំបានសម្រេចនូវសេចក្តីប្រាថ្នានោះហើយ តើគប្បីលះបង់ នូវពណ៌សម្បុរនិងកម្លាំងពីដើមដូចម្តេចកើត ។ ( ទាន សីល ឧបោសថកម្ម ) ទាំងអស់របស់ខ្ញុំសម្រេចហើយ បពិត្រព្រះអង្គមានយស មានប្រាជ្ញារកនរណាគ្របសង្កត់មិនកើត ខ្ញុំបានយស ដ៏ធំ ជាយសដែលខ្ញុំមិនធ្លាប់បានក្នុងកាលពីដើមហើយ ទើបខ្ញុំមិនលះបង់ពណ៌ សម្បុរនិងកម្លាំងពីដើម ។ បពិត្រព្រះជន្រិន្ទ ពួកសប្បុរសបន្ទោបង់នូវរជ្ជសុខដោយទុក្ខ បន្ទោបង់នូវសេចក្តីទុក្ខដែលបុគ្គលគ្របសង្កត់មិនបាននោះ ដោយសារឈាន សុខ ជាអ្នកមានចិត្តត្រជាក់ស្មើក្នុងសេចក្តីសុខនិងទុក្ខទាំង ២ យ៉ាង ។