អដ្ឋកថា សយ្ហជាតកទី ១០

ក្បាលទី 47 · ទំព័រ 70

[ ៥៣៨-៥៤១ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុ អផ្សុកទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា សសមុទ្ទបរិយាយំ ដូច្នេះជាដើម ។ បានឮថា ភិក្ខុនោះត្រាច់បិណ្ឌបាតក្នុងនគរសាវត្ថី ឃើញស្ត្រីដែលតាក់តែង កាយ មានរូបល្អត្រកាលម្នាក់ បានជាអ្នកអផ្សុកមិនត្រេកអរក្នុងសាសនា លំដាប់នោះទើបភិក្ខុទាំងឡាយនាំគ្នាបង្ញាញភិក្ខុនោះដល់ព្រះមានព្រះភាគ ភិក្ខុនោះកាលព្រះសាស្តាត្រាស់សួរថា ម្នាលភិក្ខុ បានឮថាអ្នកអផ្សុកពិតឬ ទើបក្រាបទូលថា ករុណាព្រះអង្គ ។ កាលព្រះសាស្តាត្រាស់ថា អ្នកណា ធ្វើឲ្យអ្នកអផ្សុក ទើបក្រាបទូលសេចក្តីនោះ ។ ព្រះសាស្តាត្រាស់ថា ម្នាល ភិក្ខុ អ្នកបួសក្នុងសាសនាដែលជាគ្រឿងនាំចេញចាកទុក្ខបែបនេះ ព្រោះហេតុ អ្វីទើបអ្នកអផ្សុក បណ្ឌិតទាំងឡាយក្នុងកាលមុន សូម្បីបានតំណែងជាបុរោហិត ក៏គង់បដិសេធតំណែងនោះហើយទៅបួស កាលត្រាស់ហើយទើបទ្រង់ នាំយកអតីតនិទាន មកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរ ពារាណសី ព្រះពោធិសត្វកើតក្នុងឧទ្ទរព្រាហ្មណីរបស់បុរោហិត ប្រសូតក្នុងថ្ងៃតែមួយជាមួយ ព្រះឱរសនៃព្រះរាជា ។ ព្រះរាជាត្រាស់សួរអាមាត្យទាំងឡាយថា អ្នកណា កើតក្នុងថ្ងៃជាមួយឱរសរបស់យើង មានដែរឬហ្ន៎ អាមាត្យទាំងឡាយ ក្រាបទូលថា បពិត្រមហារាជ មាន គឺបុត្តរបស់បុរោហិត ។ ទើបព្រះរាជា ទ្រង់បញ្ជាឲ្យយកបុត្តរបស់បុរោហិតនោះមកប្រគល់ឲ្យមេដោះទាំងឡាយ ឲ្យ ថែទាំរួមជាមួយព្រះរាជឱរស ។ គ្រឿងប្រដាប់និងគ្រឿងផឹក គ្រឿងបរិភោគ របស់កុមារទាំងពីរដូចគ្នានោះឯង ។ ព្រះរាជកុមារនិងកុមារចម្រើនវ័យហើយ ទៅកាន់នគរតក្កសិលា រៀនសិប្បៈទាំងពួងរួមគ្នា ហើយត្រឡប់មក ។