អដ្ឋកថា កស្សបមន្ទិយជាតកទី ២

ក្បាលទី 47 · ទំព័រ 82

[ ៥៤៦-៥៤៩ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុចាស់មួយរូបទើបត្រាស់ព្រះធម្មទេសនានេះមានពាក្យផ្តើមថា អបិ កស្សប មន្ទិយា ដូច្នេះជាដើម ។ បានឮថា ក្នុងនគរសាវត្ថី មានកុលបុត្តម្នាក់ ឃើញទោសក្នុងកាមទាំងឡាយ ទើបបួសក្នុងសម្នាក់របស់ព្រះសាស្តា ប្រកបរឿយៗក្នុងកម្មដ្ឋាន មិន យូរបុន្មានក៏បានសម្រេចអរហត្ត ។ ចំណេរកាលតមក មាតារបស់ភិក្ខុនោះ បានធ្វើកាលកិរិយា ។ កាលមាតាធ្វើកាលកិរិយាទៅហើយ ទើបភិក្ខុនោះឲ្យ បិតានិងប្អូនប្រុសបួស ហើយនៅក្នុងវត្តជេតពន ។ ក្នុងវស្សូបនាយិកសម័យ ថ្ងៃជិតចូលវស្សា បានឮថា បច្ច័យគឺចីវររកបានងាយ ទើបទៅកាន់អាវាសក្នុង ស្រុកមួយកន្លែងទាំង ៣ រូប ចាំវស្សាក្នុងអាវាសប្រចាំក្នុងស្រុកនោះ ចេញ វស្សាហើយទើបត្រឡប់មកកាន់វត្តជេតពនដូចមុន ។ ទើបភិក្ខុកំលោះប្រាប់ សាមណេរដែលជាប្អូនប្រុសក្បែរវត្តជេតពនថា សាមណេរ ចូរអ្នកឲ្យព្រះថេរៈ ចាស់សម្រាកហើយសឹមនាំមក ខ្ញុំទៅមុនដើម្បីចាត់ចែងបរិវេណ ហើយក៏ ចូលទៅកាន់វត្តជេតពន ។ ព្រះថេរៈចាស់ដើរសន្សឹមៗមក ។ សាមណេរ ធ្វើហាក់ដូចជាយកក្បាលរុញរឿយៗ នាំលោកទៅដោយកម្លាំងថា បពិត្រលោក ម្ចាស់សូមលោកនិមន្តទៅចុះ ។ ព្រះថេរៈពោលថា លោករុញមក ដោយ អំណាចខ្លួន ទើបវិលត្រឡប់ទៅជាថ្មី ហើយដើរមកតាំងអំពីចុងផ្លូវ ។ កាល ព្រះថេរៈនិងសាមណេរធ្វើនូវការឈ្លោះគ្នាយ៉ាងនេះឯង ព្រះអាទិត្យក៏អស្តង្គត ងងឹតអន្ធការក៏កើតឡើង ។ ចំណែកភិក្ខុក្រៅអំពីនេះ ក៏បោសបរិវេណតម្កល់ ទឹកទុក កាលមិនឃើញការមករបស់ព្រះថេរៈនិងសាមណេរនោះ ទើបកាន់ យកគប់ភ្លើងទៅ រង់ចាំទទួល បានឃើញព្រះថេរៈនិងសាមណេរកំពុងមកទើប សួរថា ហេតុអ្វីទើបយឺតយូរ ព្រះថេរៈចាស់ក៏ប្រាប់ហេតុនោះ ភ