ខន្តិវាទិជាតកទី ៣

ក្បាលទី 47 · ទំព័រ 88

( សេនាបតីពោលថា ) បពិត្រលោកមានព្យាយាមធំ ព្រះរាជាណា កាត់ព្រះហស្តទាំង ២ ក្តី កាត់ព្រះបាទទាំង ២ ក្តី កាន់ត្រចៀកនិង ច្រមុះក្តី របស់លោក សូមលោកខ្ញាល់ចំពោះបុគ្គលនោះចុះ សូមលោកកុំ ញ៉ាំងដែននេះឲ្យវិនាសឡើយ ។ ( តាបសពោធិសត្វពោលថា ) ព្រះរាជាណា កាត់ដៃទាំង ២ ក្តី កាត់ជើងទាំង ២ ក្តី កាត់ត្រចៀកនិងច្រមុះក្តី របស់អាត្មា សូមឲ្យព្រះរាជា នោះ ទ្រង់មានព្រះជន្មយឺនយូរ ពួកអ្នកប្រាជដូចយ៉ាងអាត្មាមិនខឹងឡើយ ។ ( ព្រះសាស្តាទ្រង់ត្រាស់ថា ) សមណៈជាអ្នកសម្តែងនូវខន្តី មានហើយក្នុងអតីតកាល ព្រះបាទកាសី ទ្រង់ត្រាស់ឲ្យចោរឃាតកបុរស សម្លាប់សមណៈនោះអ្នកតាំងនៅក្នុងខន្តី ។ ព្រះបាទកាសី តាំងនៅក្នុងនរក សោយនូវផលនៃកម្មណា ផលនៃកម្មអាក្រក់នោះ ជាផលក្តៅក្រហាយ ។