អដ្ឋកថា ខន្តិវាទិជាតកទី ៣

ក្បាលទី 47 · ទំព័រ 88

[ ៥៥០-៥៥៣ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុ ច្រើនដោយសេចក្តីក្រោធមួយរូប ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យ ផ្តើមថា យោ តេ ហត្ថេ ច បទេ ច ដូច្នេះជាដើម ។ រឿងបានពោលទុកហើយខាងដើមនោះឯង ក្នុងទីនេះ ព្រះសាស្តាត្រាស់នឹង ភិក្ខុនោះថា អ្នកបួសក្នុងសាសនារបស់ព្រះពុទ្ធដែលជាអ្នកមិនក្រោធព្រោះ ហេតុអ្វីទើបធ្វើសេចក្តីក្រោធ បុរាណកបណ្ឌិតទាំងឡាយ កាលគ្រឿងប្រហារ មួយពាន់ធ្លាក់លើរាងកាយ កាលត្រូវគេកាត់ដៃ ជើង ត្រចៀក និងច្រមុះ ក៏ មិនធ្វើសេចក្តីក្រោធដល់អ្នកដទៃ ហើយទ្រង់នាំយកអតីតនិទាន មកសាធកៈ ដូចតទៅនេះថា ក្នុងអតីតកាល ព្រះរាជាព្រះនាមថា កលាបុ ទ្រង់គ្រងរាជសម្បត្តិក្នុង នគរពារាណសី ។ កាលនោះព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ មាន សម្បត្តិ ៨០ កោដិ ជាមាណពឈ្មោះថា កុណ្ឌលកុមារ ចម្រើនវ័យហើយ បានរៀនសិប្បៈគ្រប់យ៉ាង ក្នុងនគរតក្កសិលា ហើយប្រមូលទ្រព្យសម្បត្តិ តម្កល់ខ្លួនបាន កាលមាតាបិតាអនិច្ចកម្មទៅ សម្លឹងមើលគំនរទ្រព្យហើយគិត ថា ញាតិទាំងឡាយរបស់អញធ្វើទ្រព្យឲ្យកើតឡើងហើយ ហេតុអ្វីមិនកាន់ យកទៅ អញគួរកាន់យកទ្រព្យនោះទៅ ទើបចាត់ចែងទ្រព្យទាំងអស់ឲ្យទាន ដល់បុគ្គលដែលគួរឲ្យ ដោយអំណាចនៃការឲ្យទាន ចូលទៅកាន់ព្រៃហិមពាន្ត បួស ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយផលាផល រស់នៅអស់កាលយូរ ដើម្បីត្រូវការរសជូរប្រៃទើបមកកាន់ផែនដីមនុស្ស ដល់នគរពារាណសីដោយ លំដាប់ ហើយសម្រាកនៅក្នុងព្រះរាជឧទ្យាន ។