លោហកុម្ភិជាតកទី ៤

ក្បាលទី 47 · ទំព័រ 96

( សត្វនរកម្នាក់ពោលថា ) ពួកយើងដែលមិនបានឲ្យទាន បានជាពួកយើងរស់នៅដោយត្រដាបត្រដួស កាលភោគៈទាំងឡាយមាន ពួកយើង មិនបានធ្វើនូវទីពឹងបម្រុងខ្លួនសោះ ។ ( សត្វនរកម្នាក់ទៀតពោលថា ) ពួកយើងដែលឆេះក្នុងនរក គ្រប់ជា ៦ ម៉ឺនឆ្នាំដោយអាការទាំងពួងហើយ កាលណានឹងមានទីបំផុត ( នៃ ទុក្ខ ) ។ ( សត្វនរកម្នាក់ទៀតពោលថា ) ម្នាលអ្នកស្មើនឹងខ្ញុំ ទីបំផុត ( នៃទុក្ខយើង ) មិនមានទេ ទីបំផុតនឹងមានមកពីណា ទីបំផុតនឹង មិនប្រាកដទេ ព្រោះថា ខ្ញុំនិងអ្នកបានធ្វើបាបក្នុងកាលនោះ ។ ( សត្វនរកម្នាក់ទៀតពោលថា ) ខ្ញុំនោះ លុះទៅអំពីទីនេះបាន កំណើតជាមនុស្ស ចាប់អំពីដឹងក្តីទៅ សូមជាអ្នកបរិបូណ៌ដោយសីលធ្វើកុសល់ឲ្យច្រើន ។