អដ្ឋកថា លោហកុម្ភិជាតកទី ៤
[ ៥៥៤-៥៥៧ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះបាទ កោសល ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ទុជ្ជីវិតមជីវិម្ញ ដូច្នេះជាដើម ។ បានឮថា ក្នុងកាលនោះ ព្រះបាទកោសលទ្រង់ស្តាប់សំឡេងរបស់សត្វ នរក ៤ នាក់ក្នុងកណ្តាលរាត្រី គឺសត្វនរកម្នាក់ពោលចំពោះ ទុ អក្ខរៈបុណ្ណោះ ម្នាក់ពោលថា ស អក្ខរៈ ម្នាក់ពោល ន អក្ខរៈ ម្នាក់ពោល សោ អក្ខរៈ ។ បានឮថា ក្នុងអតីតភព សត្វនរកទាំងនោះ បានជាព្រះរាជឱរស ធ្វើបរទារកកម្មក្នុងនគរសាវត្ថីនេះឯង ។ ព្រះរាជឱរសទាំងនោះ ខុសក្នុងមាតុគ្រាម ទាំងឡាយដែលអ្នកដទៃរក្សាគ្រប់គ្រង ជាអ្នកភ្លើតភ្លើន ធ្វើនូវបាបកម្មច្រើន ត្រូវកងចក្ក គឺសេចក្តីស្លាប់កាត់ជីវិតហើយ កើតក្នុងលោហកុម្ភី ៤ រណ្តៅ ក្នុងទីជិតនគរសាវត្ថី ឆេះក្នុងលោហកុម្ភីនោះ ៦ ម៉ឺនឆ្នាំ ផុសឡើងមក ឃើញ កណ្តាប់មាត់លោហកុម្ភី ទាំង ៤ នាក់ នាំគ្នាស្រែកតាមលំដាប់ ដោយសំឡេង ខ្លាំងៗថា កាលណាហ្ន៎ ពួកយើងនឹងផុតទុក្ខនេះ ។ ព្រះរាជាទ្រង់ស្តាប់សំឡេង សត្វនរកទាំងនោះ ទ្រង់ខ្លាចចំពោះមរណភ័យ ប្រថាប់គង់នោះឯងរហូតដល់ អរុណរះ ។ លុះអរុណរះហើយ ព្រាហ្មណ៍ទាំងឡាយមកគាល់ ទូលសួរ ព្រះរាជាដល់សេចក្តីសុខក្នុងការដេកលក់ ព្រះរាជាត្រាស់ថា អាចារ្យទាំងឡាយ យើងដេកជាសុខមកអំពីណា ថ្ងៃនេះ យើងបានឮសំឡេងគួរស្រៀវ ខ្លាច ៤ មាត់បែបនេះ ព្រាហ្មណ៍ទាំងឡាយនាំគ្នារលាស់ដៃ ។ ព្រះរាជាត្រាស់ សួរថា លោកអាចារ្យ មានហេតុអ្វីឬ ព្រាហ្មណ៍ក្រាបទូលថា បពិត្រមហា រាជ សំឡេងគ្រោតគ្រាតពន់ពេក ព្រះរាជាត្រាស់ថា កែខៃបានដែរឬទេ ពួក ព្រាហ្មណ៍ក្រាបទូលថា បើកែខៃមិនបាន ពួកទូលបង្គំឈ្មោះថា មិនសិក្សា មកល្អឡើយ ។ ព្រះរាជាត្រាស់ថា អ្នក