មំសជាតក ទី ៥
ក្បាលទី 47 · ទំព័រ 106
( ព្រានព្រៃនិយាយនឹងសេដ្ឋីបុត្តទី ១ ថា ) វាចារបស់អ្នក អាក្រក់ណាស់ អ្នកជាអ្នកសុំសាច់ តែវាចាប្រហែលនឹងវាវ នែសំឡាញ់ យើងនឹងឲ្យវាវដល់អ្នក ។ ( ព្រានព្រៃនិយាយនឹងសេដ្ឋីបុត្តទី ២ ថា ) ជនជាបងប្អូន គេទុកជាអវ័យវៈរបស់មនុស្សទាំងឡាយក្នុងលោក វាចារបស់អ្នក ប្រហែល នឹងអវ័យវៈ នែសំឡាញ់ យើងនឹងឲ្យសាច់អវ័យវៈដល់អ្នក ។ ( ព្រានព្រៃនិយាយនឹងសេដ្ឋីបុត្តទី ៣ ថា ) កូនកាលហៅ បិតាថា ពុក ពុក ដូច្នេះ រមែងធ្វើបេះដូងបិតាឲ្យកម្រើក វាចារបស់អ្នក ប្រហែលនឹងបេះដូង នែសំឡាញ់ យើងនឹងឲ្យបេះដូងដល់អ្នក ។ ( ព្រានព្រៃនិយាយនឹងសេដ្ឋីបុត្តទី ៤ ថា ) សំឡាញ់របស់ បុរសណា មិនមានក្នុងស្រុក លំនៅរបស់បុរសនោះក្នុងស្រុកនោះឯង ដូច ព្រៃ វាចារបស់អ្នកប្រហែលនឹងសម្បត្តិទាំងពួង នែសំឡាញ់ យើងនឹងឲ្យ សាច់ទាំងអស់ដល់អ្នក ។