តិត្តិរជាតកទី ៩

ក្បាលទី 47 · ទំព័រ 136

( សត្វទទាសួរតាបសពោធិសត្វថា ) ខ្ញុំរស់នៅជាសុខ សប្បាយណាស់ ទាំងបានបរិភោគ ( ដោយស្រួល ) តែខ្ញុំឋិតនៅក្នុងសេចក្តី អន្តរាយ បពិត្រលោកដ៏ចម្រើន តើគតិរបស់ខ្ញុំដូចម្តេច ។ ( ព្រះពោធិសត្វឆ្លើយថា ) ម្នាលចៅបក្សី បើចិត្តរបស់អ្នក មិនបង្អោនទៅរកអំពើបាបទេ បាបក៏មិនប្រឡាក់នូវអ្នកដ៏ចម្រើនដែលជាអ្នក មិនខ្វល់ខ្វាយឡើយ ។ ( ទទាពោលថា ) សត្វទទាជាច្រើនមក ព្រោះគិតថា ញាតិ យើងទំនៅ ( ត្រង់ទីនោះ ) ព្រានប៉ះពាល់នូវបាណាតិបាតកម្ម ព្រោះអាស្រ័យ ខ្ញុំ ចិត្តរបស់ខ្ញុំក៏រង្កៀសក្នុងរឿងនោះ ។ ( ពោធិសត្វពោលថា ) ព្រានមិនប៉ះពាល់នូវបាណាតិបាតកម្ម ព្រោះអាស្រ័យអ្នកទេ បើចិត្តអ្នកមិនប្រទូស្ត បាបមិនប្រឡាក់នូវអ្នកដ៏ចម្រើន ដែលមិនមានសេចក្តីខ្វល់ខ្វាយឡើយ ។