អដ្ឋកថា សុចជជាតកទី ១០
[ ៥៧៨-៥៨១ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ កុដុម្ពិកៈម្នាក់ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា សុច្ចជំ វត នច្ចជិ ដូច្នេះជាដើម ។ បានឮថា កុដុម្ពិកៈនោះគិតថានឹងទារបំណុលក្នុងស្រុក ទើបទៅក្នុងស្រុក នោះ មួយអន្លើដោយភរិយា កាលជម្រះបំណុលហើយគិតថា អញនឹងនាំរទេះ មកជញ្ជូនតាមក្រោយ ទើបផ្ញើទុកក្នុងត្រកូលមួយ ត្រឡប់ទៅកាន់ក្រុងសាវត្ថី វិញ បានឃើញភ្នំមួយក្នុងរវាងផ្លូវ ។ កាលនោះភរិយាពោលនឹងកុដុម្ពិកៈនោះ ថា នែអ្នក បើភ្នំនេះគប្បីជាមាសសោត អ្នកនឹងឲ្យអ្វីខ្ញុំ កុដុម្ពិកៈពោលថា នាងជានណាដែលខ្ញុំនឹងឲ្យអ្វីនោះ ។ ចំណែកភរិយាតូចចិត្តថា ប្តីរបស់អញ នេះ មានចិត្តរឹងត្អឹងណាស់ បានឮថា កាលភ្នំកើតជាមាសក៏គង់មិនឲ្យអ្វីដល់ អញ ។ ស្វាមីភរិយាទាំងពីរដើរទៅជិតវត្តជេតពន គិតថានឹងផឹកទឹក ទើប ចូលទៅកាន់ព្រះវិហារផឹកទឹក ។ ក្នុងបច្ចូសសម័យថ្ងៃនោះឯង ព្រះទសពល ទ្រង់បានឃើញឧបនិស្ស័យនៃសោតាបត្តិផល របស់ជនទាំងពីរនោះ កាល ទ្រង់រង់ចាំការមក ទើបគង់ក្នុងបរិវេណព្រះគន្ធកុដិ ទ្រង់បញ្ចេញព្រះឆពណ្ណរង្សី ។ ចំណែកជនទាំងពីរគឺស្វាមីភរិយានោះ ផឹកទឹកហើយក៏មកថ្វាយបង្គំ ព្រះសាស្តា ហើយអង្គុយ ព្រះសាស្តាទ្រង់ធ្វើបដិសណ្ឋារៈដល់ជនទាំងពីរគឺ ស្វាមីភរិយានោះ ហើយត្រាស់សួរថា អ្នកទាំងពីរទៅណាមកណា កាល ជនទាំងពីរគឺស្វាមីភរិយាក្រាបទូលថា ខ្ញុំព្រះអង្គមកពីទារបំណុល ក្នុងស្រុក ( ឯណោះ ) ។