ទុទ្ទុភាយជាតកទី
ក្បាលទី 47 · ទំព័រ 159
( ទន្សាយនិយាយថា ) សូមសេចក្តីចម្រើនមានដល់លោក ចុះ ខ្ញុំនៅក្នុងប្រទេសណា ប្រទេសនោះធ្វើសំឡេងឮទុទ្ទុភៈ តែខ្ញុំមិនដឹងនូវ ប្រទេសនុ៎ះថា អ្វីនេះ ធ្វើសំឡេងឮទុទ្ទុភៈ ។ ( ព្រះសាស្តាទ្រង់សម្តែងថា ) ទន្សាយឮសូរផ្លែព្នៅជ្រុះ ថា ទុទ្ទុភៈ ដូច្នេះ ក៏ស្ទុះបោលប្រេច ហ្វូងសត្វម្រឹគបានឮពាក្យទន្សាយ ក៏ភ័យ តក់ស្លុត ។ ពួកជនពាលនោះ មិនទាន់សម្រេចនូវចំណែកនៃសោតវិញ្ញាណ ឮសំឡេងនៃជនដទៃ មានសេចក្តីប្រហែលធ្វេសដ៏ក្រៃលែង ជន ពាលទាំងនោះ រមែងលុះតាមពាក្យជនដទៃ ។ ចំណែកពួកជនណា បរិបូណ៌ដោយសីលនិងបញ្ញា ត្រេកអរ ក្នុងការស្ងប់រម្ងាប់ ជាធីរជនអ្នកឆ្ងាយ អ្នកវៀរចាកបាប ធីរជននោះ មិន លុះតាមពាក្យជនដទៃទេ ។