អដ្ឋកថា កក្ការុជាតកទី ៦

ក្បាលទី 47 · ទំព័រ 184

[ ៦០២-៦០៥ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធ ទេវទត្ត ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា កាយេន យោ នាវហរេ ដូច្នេះជាដើម ។ បានឮថា កាលទេវទត្តនោះបំបែកសង្ឃហើយយ៉ាងនោះ កាលបរិស័ទ ចៀសចេញទៅជាមួយអគ្គសាវ័ក លោហិតដ៏ក្តៅបានហូរចេញអំពីមាត់ ។ លំដាប់ នោះ ភិក្ខុទាំងឡាយ បានសន្ទនាគ្នាក្នុងធម្មសភាថា អាវុសោទាំងឡាយ ទេវទត្តពោលមុសាវាទបំបែកសង្ឃ ឥឡូវនេះមានជំងឺសោយទុក្ខវេទនាច្រើន ព្រះសាស្តាយាងមកហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អំបាញ់មិញនេះ ពួកអ្នក អង្គុយសន្ទនាគ្នាដោយរឿងអ្វីហ្ន៎ កាលភិក្ខុទាំងនោះ ក្រាបទូលថា បពិត្រព្រះអង្គដោយកថាឈ្មោះនេះ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះបុណ្ណោះទេ សូម្បីក្នុងកាលមុន ទេវទត្តនេះ ក៏ បានជាអ្នកពោលកុហកដូចគ្នា ម្យ៉ាងទៀត ទេវទត្តនេះពោលមុសាវាទបំបែក សង្ឃហើយមានជំងឺបានសោយទុក្ខច្រើនក្នុងកាលឥឡូវនេះបុណ្ណោះ ក៏មិនមែន សូម្បីក្នុងកាលមុន ក៏បានសោយទុក្ខច្រើនហើយដូចគ្នា ទើបទ្រង់នាំយកអតីត និទានមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតជាទេវបុត្តមួយអង្គក្នុងឋានតាវត្តិង្ស ។ សម័យនោះឯងនគរ ពារាណសីមានលេងមហោស្រពធំ ពួកនាគ គ្រុឌនិងភូមដ្ឋកទេវតាជាច្រើន នាំគ្នាមកមើលមហោស្រព ។ ទេវបុត្ត ៤ អង្គមកអំពីតាវត្តិង្ស ក៏ប្រដាប់មកុដដែល ធ្វើដោយកម្រងផ្កាទិព្វ ឈ្មោះកក្ការុ នាំគ្នាមកកាន់ទីមើលមហោស្រព ។ ព្រះនគរប្រមាណ ១២ យោជន៍មានក្លិនតែមួយ គឺក្លិនផ្កាទាំងនោះ ។